ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានថ្កោលទោសការវាយប្រហារ នៅភាគខាងត្បូងប្រទេសលីបង់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលទាហានរក្សាសន្តិភាពUN ជាច្រើននាក់ បានរងរបួស។

កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ (UNIFIL) នៅក្នុងប្រទេសលីបង់ បន្តឃ្លាំមើលអរិភាព នៅភាគខាងត្បូងនៃប្រទេស តាមខ្សែបន្ទាត់ព្រំដែនដែលខណ្ឌចែកខ្លួន ចេញពីប្រទេសអ៊ីស្រាអែល។ ការប៉ះទង្គិចគ្នាមួយឆ្នាំរវាងទាហានអ៊ីស្រាអែល និងក្រុមយុទ្ធជនហេសបូឡានៅតាមតំបន់ព្រំដែន បានកើនឡើងទៅជាការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា ក្នុងរយៈពេលមួយខែកន្លងទៅនេះ។

អ៊ីស្រាអែល បានចោទប្រកាន់កងកម្លាំងរក្សាសន្តិភាពរបស់UN ថា បានផ្តល់ការការពារដល់ក្រុមហេសបូឡា ហើយបានប្រាប់ UNIFIL ឲ្យដកកងទ័ពរបស់ខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។ កងកម្លាំងអន្តរជាតិ បានបដិសេធមិនអនុវត្តតាម ផ្ទុយទៅវិញបានប្តេជ្ញាថា នឹងបន្ត និងអនុវត្តអាណត្តិរបស់ខ្លួនតាមខ្សែបន្ទាត់ពណ៌ខៀវនៃការកំណត់ព្រំដែនរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើង ដោយអង្គការសហប្រជាជាតិ ក្នុងខែមិថុនា ឆ្នាំ ២០០០។ កងកម្លាំងនេះ បានចេញការព្រមានជាច្រើនថា « ការបំផ្លិចបំផ្លាញដោយផ្ទាល់និងដោយចេតនារបស់កងទ័ពអ៊ីស្រាអែលនូវទ្រព្យសម្បត្តិរបស់UNIFIL ដែលអាចកំណត់អត្តសញ្ញាណបានយ៉ាងច្បាស់ គឺជាការរំលោភលើច្បាប់អន្តរជាតិ» និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។