ភ្នំពេញ៖ ក្នុងខណៈពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកលោកបណ្ឌិត យុង យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) និងជាបេសកជនពិសេសរបស់ លោកជំទាវបណ្ឌិត ហាក់ចាហាន់មូន ជាមាតានៃសន្តិភាពពិភពលោក ចូលជួប សម្ដែង ការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព ។
ទីស្តីការនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២០តុលានេះ លោកបណ្ឌិត យុងហូ បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលបានចាក់វ៉ាក់សាំង ជូនប្រជាជនកម្ពុជាជាង៩០% ហើយលោកបានមានប្រសាសន៍ថា នេះជាគំរូ នៃការដឹកនាំមិនសម្រាប់តែប្រទេសកូរ៉េទេ គឺសម្រាប់ពិភពលោកទាំងមូលផងដែរ។ លោកក៏បានគោរពពាំនាំនូវការសួរសុខទុក្ខផង និងក្ដីគោរពផងពីលោកជំទាវបណ្ឌិត ហាក់ចាហានមូន និងបានសម្ដែង នូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោដែលបានសម្រេចចូលរួមកិច្ចប្រជុំកំពូលជាលើកដំបូងនៅឧបទ្វីបកូរ៉េ។
ជាការឆ្លើយតប សម្តេចតេជោបានស្វាគមន៍ និងថ្លែងអំណរគុណចំពោះការពាំនាំ នូវការសួរសុខទុក្ខ និង ក្តីនឹ ក រឭក ពីលោកជំទាវ ហាក់ចាហានមូន ។ សម្តេចក៏បានផ្តល់ជូនបណ្ឌិត យុង ហូ នូវទស្សនវិស័យ ពាក់ព័ន្ធនឹង កិច្ចប្រជុំកំពូល ដែលបាននិងកំពុងរៀបចំដោយសម្តេចបានផ្តល់ជូននូវគំនិតផ្ដួចផ្ដើមមួយចំនួនសម្រាប់កិច្ចប្រជុំកំពូលផង និង សម្រាប់កិច្ចសហប្រតិបត្តិការរបស់អង្គការ UPF ទាំងក្នុងក្របខណ្ឌ នៃឥណ្ឌូ-ប៉ាស៊ីហ្វិច និងក្របខ័ណ្ឌមេគង្គផង ហើយ ជាទីបញ្ចប់ សម្តេចបានថ្លែងអំណរគុណសាជាថ្មី និងបានផ្តាំផ្ញើសួរសុខទុក្ខដោយក្ដីគោរពជូនចំពោះលោកជំទាវ ហាក់ ចាហានមូន ផងដែរ៕
អត្ថបទ៖ មុត សុទ្ធ

