រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីបញ្ជាការភាគខាងជើង រួមជាមួយនឹងនាយអគ្គសេនាធិការកងទ័ពលោក Herzi Haleviថា កិច្ចព្រមព្រៀងណាមួយស្តីពីបទឈប់បាញ់ នៅក្នុងប្រទេសលីបង់ ត្រូវតែរួមបញ្ចូលលក្ខខណ្ឌដែលចែងថា អ៊ីស្រាអែលត្រូវបានអនុញ្ញាតឲ្យបន្តការកម្ទេចចលនាហេសបូឡានៅគ្រប់ទីកន្លែង ដែលអាចមានក្រុមនេះ។

សារព័ត៌មាន Israel Hayom បានដកស្រង់សម្តីលោក Katz ដែលបាននិយាយថា៖«យើង [អ៊ីស្រាអែល] នឹងមិនចូលទៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយឡើយ ហើយយើងក៏នឹងមិនទទួលយក ការរៀបចំណាមួយ ដែលមិនស្របតាមគោលបំណងសង្រ្គាមរបស់យើងដែរ»។

លោករដ្ឋមន្ត្រីការពារជាតិ បានបន្ថែមថា៖«ជាពិសេស នេះមានន័យថា សិទ្ធិរបស់អ៊ីស្រាអែលក្នុងការប្រើប្រាស់កម្លាំង និងធ្វើសកម្មភាពដោយឯករាជ្យប្រឆាំងនឹងសកម្មភាពភេរវករណាមួយ [នៅក្នុងប្រទេសលីបង់]» ។ «យើងនឹងបន្តវាយប្រហារក្រុមហេសបូឡា នៅគ្រប់ទីកន្លែង»។
លោក Katz បានចង្អុលបង្ហាញថា គោលដៅនៃសង្រ្គាមនៅភាគខាងជើង គឺដើម្បីដកហូតអាវុធពីក្រុមហេសបូឡា ដើម្បីរុញកងកម្លាំងរបស់ខ្លួន ឆ្លងកាត់ទន្លេ Litani ចូលទៅជ្រៅក្នុងទឹកដីលីបង់ និងដើម្បីធ្វើឲ្យ អ្នកស្រុកនៅភាគខាងជើងរបស់អ៊ីស្រាអែលអាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។ កាលពីថ្ងៃទី ២៣ ខែកញ្ញា អ៊ីស្រាអែល បានបើកប្រតិបត្តិការមួយឈ្មោះថា Northern Arrows ប្រឆាំងនឹងកងកម្លាំងហេសបូឡា នៅក្នុងប្រទេសលីបង់ ដោយបានធ្វើការវាយប្រហារទ្រង់ទ្រាយធំ ទៅលើគោលដៅយោធារបស់ចលនានេះ។ កាលពីថ្ងៃទី ២៧ ខែកញ្ញា អគ្គលេខាធិការក្រុមហេសបូឡាហ៍ លោក ហាសាន ណាស្រាឡា (Hassan Nasrallah) ត្រូវបានសម្លាប់ បន្ទាប់ពីអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើទីក្រុងបេរូត។ កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៤ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសពីប្រតិបត្តិការជើងគោក នៅតំបន់ព្រំដែន នៅភាគខាងត្បូងប្រទេសលីបង់។