រុស្ស៊ីបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនដណ្តើមបានកាន់កាប់កន្លែងតាំងទីលំនៅមួយបន្ថែមទៀត នៅក្នុងតំបន់ Donetsk ខណៈពេលដែលអ៊ុយក្រែន បានរាយការណ៍ថា មានការប្រយុទ្ធគ្នាចំនួន ៩៧លើក ដែលកងកម្លាំងរបស់ខ្លួន បានចូលរួមប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

យោងតាមរបាយការណ៍កាលពីថ្ងៃពុធពីក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានគ្រប់គ្រងកន្លែងតាំងទីលំនៅ នៅភូមិ Rivnopil នៃតំបន់ Donetsk ។ កាលពីថ្ងៃអង្គារ ការវាយប្រហារ ត្រូវបានធ្វើឡើងទៅលើកងកម្លាំងអ៊ុយក្រែន និងបណ្តាលឲ្យមនុស្សស្លាប់ និងរបួស។ គ្រឿងយុទ្ធោបករណ៍របស់ អ៊ុយក្រែន រួមមាន រថក្រោះ រថពាសដែក កាំភ្លើងធំ និងឃ្លាំងគ្រាប់រំសេវត្រូវបានបំផ្លាញ។ នេះបើយោងតាមរបាយការណ៍ដែលបាននិយាយថា កងកម្លាំងរុស្ស៊ី ក៏បានបើកការវាយប្រហារលើអាកាសយានដ្ឋានយោធា និងទីតាំងថាមពលដែលចាំបាច់សម្រាប់ដំណើរការនៃឧស្សាហកម្មយោធារបស់ប្រទេសអ៊ុយក្រែនផងដែរ។

នៅថ្ងៃដដែល អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានចេញផ្សាយរបាយការណ៍អំពីការប្រយុទ្ធគ្នា ដោយអះអាងថា កងកម្លាំងរបស់ខ្លួន បានចូលរួមក្នុងការវាយប្រហារចំនួន ៩៧លើក នៅជួរមុខប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដែលសកម្មបំផុត ក្នុងទិសដៅនៃទីក្រុង Pokrovsk និង Kurakhove ។ របាយការណ៍ បាននិយាយថា នៅក្នុងទិសដៅនៃទីក្រុង Pokrovsk នេះ ប្រទេសរុស្ស៊ី បានបើកការវាយប្រហារចំនួន ២៤លើក ហើយនៅក្នុងទិសដៅនៃទីក្រុង Kurakhove ការប្រយុទ្ធគ្នា គឺកាន់តែធ្ងន់ធ្ងរ ដោយមានការវាយប្រហារចំនួន ៤៨លើក ត្រូវបានធ្វើឡើង។