ប្រជាជនស្រីលង្កា កំពុងទៅបោះឆ្នោត ជាការបោះឆ្នោតសកលដ៏សំខាន់មួយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកានេះ រយៈពេលត្រឹមតែពីរខែ បន្ទាប់ពីបានជ្រើសរើសអ្នកនៅក្រៅរង្វង់នយោបាយ លោក Anuara Kumara Dissanayake ជាប្រធានាធិបតី។

មនុស្សជាច្រើន បានតម្រង់ជួរនៅស្ថានីយ៍បោះឆ្នោត មុនពេលបើកការិយាល័យ ខណៈនគរបាលប្រដាប់អាវុធ បានផ្តល់សន្តិសុខនៅទូទាំងប្រទេស។
នគរបាល ៧០.០០០នាក់ និងទាហាន១១.០០០នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងការិយាល័យបោះឆ្នោតចំនួន១៣.៤០០កន្លែងរបស់ប្រទេសកោះនេះ ដើម្បីធានាបានសុវត្ថិភាពអ្នកបោះឆ្នោត ក្នុងអំឡុងពេលបោះឆ្នោត។

អ្នកបោះឆ្នោតចំនួន១៧លាននាក់ កំពុងទៅបោះឆ្នោតដើម្បីជ្រើសរើសសមាជិកសភាចំនួន២២៥រូប ពីបេក្ខជនចូលរួមចំនួន៨.៨០០នាក់។
គណបក្សរបស់លោក Dissanayake ដែលជាសម្ព័ន្ធមិត្តរបស់គណបក្សអំណាចប្រជាជនជាតិ(NPP) មានត្រឹមតែ៣អាសនៈនៅក្នុងសភាដែលកំពុងបន្ត ប៉ុន្តែត្រូវបានគេរំពឹងថានឹងទទួលបានសំឡេងភាគច្រើន។ រីឯលទ្ធផលបោះឆ្នោត ត្រូវបានគេរំពឹងទុកនៅល្ងាចថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា។