អាជ្ញាធរប្រឆាំងអំពើពុករលួយក្នុងប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេ បានឃាត់ខ្លួនប្រធានតុលាការកំពូលរបស់ប្រទេស ក្នុងការស៊ើបអង្កេតមួយ ដែលពួកគេបានចាត់ទុក ជាជំហានដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយកម្រិតខ្ពស់ នៅទីក្រុងគីវ។

ទីក្រុងគីវ បានបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ក្នុងការទប់ស្កាត់អំពើពុករលួយ បើទោះបីជារុស្ស៊ីមានការឈ្លានពានក៏ដោយ ហើយការធ្វើដូច្នេះ គឺមានសារៈសំខាន់ ដើម្បីបំពេញលក្ខខណ្ឌសម្រាប់ការចូលរួមជាមួយសហភាពអឺរ៉ុប។
លោក Oleksandr Omelchenko ជារដ្ឋអាជ្ញានៅការិយាល័យពិសេសរបស់រដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយ (SAPO) បាននិយាយថា ចៅក្រមកំពូលរបស់តុលាការកំពូល ត្រូវបានចាប់ខ្លួន ជាផ្នែកនៃផែនការសូកប៉ាន់ ដែលត្រូវបានគេសង្ស័យ ហើយកំពុងរង់ចាំ «ការជូនដំណឹងជាផ្លូវការអំពីការសង្ស័យនេះ» ។

លោក Omelchenko មិនបានបង្ហាញអត្តសញ្ញាណចៅក្រមតាមរយៈឈ្មោះទេ ប៉ុន្តែប្រធានតុលាការ គឺប្រធានចៅក្រម លោក Vsevolod Kniaziev ដែលពុំអាចទាក់ទង ដើម្បីសុំការអត្ថាធិប្បាយ ភ្លាមៗបានទេ។
លោក Omelchenko បានប្រាប់សន្និសីទរួមមួយជាមួយការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU)ថា៖«នៅពេលនេះ ប្រធានតុលាការកំពូល ត្រូវបានឃុំខ្លួន ហើយវិធានការ កំពុងត្រូវបានចាត់ឡើង ដើម្បីត្រួតពិនិត្យបុគ្គលផ្សេងទៀត ជុំវិញការជាប់ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋកម្ម»។