បេសកជនចិនកាលពីថ្ងៃពុធ បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ដំណើរការនយោបាយដ៏ទូលំទូលាយដែលដឹកនាំដោយយេម៉ែន និងគ្រប់គ្រងដោយយេម៉ែន ខណៈដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្តការដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពនានារបស់ប្រទេសនេះ។

នៅថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខ បានអនុម័តសេចក្តីសម្រេចចិត្តលេខ ២៧៥៨ ដោយសម្រេចបន្ត ការដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពមួយចំនួន ក្នុងប្រទេសយេម៉ែនរយៈពេល ១២ខែ និងបន្តអាណត្តិនៃក្រុមអ្នកជំនាញដែលជួយដល់គណៈកម្មាធិការដាក់ទណ្ឌកម្មយេម៉ែន ចំនួន ១៣ខែ។
នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានពន្យល់ពីជំហររបស់ចិន ក្នុងអំឡុងពេលបោះឆ្នោតអនុម័តសម្រេចស្រាយនោះ។
លោកបានកត់សម្គាល់ឃើញថា ដំណើរការសន្តិភាពក្នុងប្រទេសយេម៉ែន កំពុងជាប់គាំង ហើយស្ថានការណ៍នៅសមុទ្រក្រហម នៅតែតានតឹង។ ក្នុងបរិបទនេះ ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការបន្តដាក់ទណ្ឌកម្មពាក់ព័ន្ធលើយេម៉ែន រយៈពេលមួយឆ្នាំ គឺចាំបាច់ និងសមស្រប។
បេសកជនចិនរូបនេះ បានសង្កត់ធ្ងន់ថា ក្រុមអ្នកជំនាញ គឺជាផ្នែកសំខាន់មួយនៃការងាររបស់គណៈកម្មាធិការដាក់ទណ្ឌកម្ម ដោយរបាយការណ៍ដែលខ្លួនបានដាក់ជូន គឺជាឯកសារយោងដ៏សំខាន់សម្រាប់ការពិភាក្សារបស់គណៈកម្មាធិការនេះ។