ទូរទស្សន៍ Al Jazeera បានរាយការណ៍ថា អ៊ីស្រាអែល កំពុងធ្វើការវាយប្រហារលើជំរំជនភៀសខ្លួនប៉ាឡេស្ទីន និងតំបន់មនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

យោងតាមទូរទស្សន៍នេះ បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានកំណត់គោលដៅផ្ទះលំនៅឋាន នៅភាគឦសាននៃជំរំ Jabalia នៅភាគខាងជើងនៃដែនដីប៉ាឡេស្ទីន។ មនុស្សយ៉ាងតិច ១០នាក់ ត្រូវបាន សម្លាប់។
ការវាយប្រហារ ក៏កំពុងត្រូវបានធ្វើឡើង ទៅលើតំបន់មនុស្សធម៌ នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប រួមទាំងជំរំ al-Mawasi ក្បែរទីក្រុង Khan Yunis ផងដែរ។

ក្រៅពីនោះ គ្រាប់បែកមួយគ្រាប់ ត្រូវបានគេរាយការណ៍ថា បានទម្លាក់ពីយានដ្រូនមួយគ្រឿង លើអគារសិក្សាមួយ ក្នុងសង្កាត់ Sheikh Radwan ដែលផ្តល់ជម្រកដល់ជនភៀសខ្លួន។ ផ្ទះលំនៅឋានជាច្រើន នៅភាគកណ្តាល បានរងការវាយប្រហារដោយគ្រាប់ផ្លោង ដោយបានបង្កឲ្យមនុស្សជាច្រើន រងរបួស។