ប្រធានាធិបតីចិនលោក Xi Jinping បានចុះចតនៅទីក្រុង Limaប្រទេសប៉េរូ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមកិច្ចប្រជុំកំពូលវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ។
មេដឹកនាំចិនរូបនេះ ត្រូវបានគេរំពឹងផងដែរថា នឹងបើកសម្ពោធន៍ដាក់ឲ្យប្រើប្រាស់កំពង់ផែលំដាប់កំពូលសាងសង់ឡើងដោយក្រុមហ៊ុនចិននៅជិតទីក្រុង Lima ហើយនិងធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង ២ ។
លោក Xiត្រូវបានគេស្វាគមន៍នៅអាកាសយានដ្ឋាន Jorge Chavez ។ លោកនឹងត្រូវបានទទួលស្វាគមន៍ផងដែរដោយប្រធានាធិបតិម្ចាស់ផ្ទះប៉េរូលោកស្រី Dina Boluarte មុនពេលបើកសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែ Chancay នៅក្នុងពិធីមួយរៀបចំឡើងនៅឯវិមានជាតិ ។
យោងតាមការអះអាងរបស់រដ្ឋាភិបាលប៉េរូ បានឲ្យដឹងថា ប៉េរូ និងចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងពង្រឹងពាណិជ្ជកម្មយ៉ាងហោច ៥០ភាគរយ រវាងប្រទេសទាំង ២ ។
កំពង់ផែថ្មីមួយនេះ ដែលស្ថិតនៅចម្ងាយ ៨០គ.មភាគខាងជើងទីក្រុង Lima ស្ថិតក្នុងទីក្រុង Chancay ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនដឹកជញ្ជូនរដ្ឋចិន Cosco Shipping ហើយវានឹងកាត់បន្ថយផ្លូវដឹកញ្ជូនរវាងប៉េរូ និងចិនមកនៅត្រឹមរយៈពេល ២៣ថ្ងៃ សន្សំថ្លៃដឹកជញ្ជូនចំនួន ២០ភាគរយ ។
លោក Xiបាននិយាយនៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់សារព័ត៌មានក្នុងស្រកកាលពីព្រហស្បតិ៍ថា កំពង់ផែនេះ នឹងផ្តល់ប្រាក់ទៅវិញចំនួន ៤.៥០០លានដុល្លារជារៀងរាល់ឆ្នាំដល់ប្រទេសប៉េរូ ៕


