ក្រុមបាតុករ បានប៉ះទង្គិចគ្នាជាមួយក្រុមនគរបាលកាលពីថ្ងៃព្រហស្បតិ៍ នៅជិតរុក្ខវិថីជាទីដែលកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) រៀបចំឡើងក្នុងទីក្រុង Lima ប្រទេសប៉េរូ នៅថ្ងៃដំបូងនៃព្រឹត្តការណ៍មួយនេះ ។
ក្រុមបាតុករ បានដង្ហែក្បួនព្យាយាមខិតទៅជិតទីតាំងរៀបចំកិច្ចប្រជុំកំពូល APEC ប៉ុន្តែបានប៉ះជាមួយក្រុមនគរបាលបង្រ្កាបកុបកម្ម ដែលត្រូវបានដាក់ពង្រាយ ដើម្បីរារាំងផ្លូវរបស់ពួកគេ ជាហេតុនាំឲ្យមានការប៉ះទង្គិចគ្នា ពេលដែលក្រុមបាតុករព្យាយាមប្រើកម្លាំងរុលទៅមុខ ។
ប្រធានាធិបតីប៉េរូលោកស្រី Dina Boluarte បានបន្តជំនួបទ្វេភាគីរបស់លោកស្រីនៅឯវិមានជាតិ ។ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ក្រោយបើកកិច្ចប្រជុំកំពូល APEC លោកស្រី បានស្វាគមន៍ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto ។
លោកស្រី Boluarte នឹងជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅឯវិមានជាតិ សម្រាប់ពិធីបើកសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែ Chancayកសាងឡើងដោយចិន ស្ថិតនៅចម្ងាយ ៨០គ.ម ភាគខាងជើងទីក្រុង Lima ។
ដោយឡែក ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ធ្វើដំណើរទៅកាន់ទីក្រុង Limaផងដែរ ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយក្រុមមេដឹកនាំអាស៊ី-ប៉ាស៊ីហ្វិកផ្សេងទៀត ៕


