យុទ្ធនាការរបស់អ៊ីស្រាអែលប្រឆំាងក្រុមហេសបូឡា នៅតែបន្ត ជាមួយនឹងការវាយប្រហារថ្មីៗលើតំបន់ភាគខាងត្បូងលីបង់ ដែលត្រូវបានគេមើលឃើញពីទឹកដីអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ ។
ការប្រយុទ្ធគ្នាឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានចាប់ផ្តើមកាលពីរយៈពេល ១ឆ្នាំមុន ពេលដែលក្រុមប្រដាប់អាវុធធន់ធ្ងន់មួយនេះ ចាប់ផ្តើមផ្លោងគ្រាប់រ៉ុក្កែត ដើម្បីបង្ហាញការគាំទ្រក្រុមជីវពលហាម៉ាស់នៅតំបន់ហ្កាហ្សាស្រ្ទីប ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣រហូតមក បានសម្លាប់មនុស្សយ៉ាងហោច ៣.៣៦៥នាក់ និងមនុស្ស ១៤.៣៤៤នាក់ផ្សេងទៀត រងរបួស នៅទូទាំងប្រទេសលីបង់ ។
ដោយឡែក ការវាយប្រហាររបស់ក្រុមហេសបូឡា បានសម្លាប់ជនស៊ីវិល និងទាហានអ៊ីស្រាអែលប្រហែល ១០០នាក់ នៅតំបន់ភាគខាងជើងអ៊ីស្រាអែល តំបន់ខ្ពស់រាប Golan កាន់កាប់ដោយអ៊ីស្រាអែល និងតំបន់ភាគខាងត្បូងលីបង់ ៕


