អ្នកស្រុក Solino និង Nazon ដែលជាសង្កាត់នៅភាគកណ្តាល ក្នុងរដ្ឋធានី Port-au-Prince (ព័រអូប្រាំង) របស់ប្រទេសហៃទី បានភៀសខ្លួនចេញពីផ្ទះម្បែងរបស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែវិច្ឆិកា) ខណៈដែលក្រុមអន្ធពាល បានលុកលុយរីករាលដាលទៅកាន់តំបន់មួយ ក្នុងចំណោមតំបន់ដែលនៅសល់មួយចំនួននៃទីក្រុងដែលមិនទាន់ស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេនៅឡើយទេ។
ក្រុមអន្ធពាលចម្រុះដែលគេស្គាល់ថា Viv Ansanm បាន និងកំពុងពង្រឹងការកាន់កាប់របស់ពួកគេ នៅក្នុងប្រទេស ខណៈដែលការដឹកនាំផ្នែកនយោបាយត្រូវបានបំផ្លាញដោយការប្រយុទ្ធគ្នា ហើយបេសកកម្មសន្តិសុខបរទេសដែលបានពន្យារពេលជាយូរមកហើយនោះ បានមានការវិវត្តន៍តិចតួច។
នៅថ្ងៃព្រហស្បតិ៍នោះ សារព័ត៌មាន Reuters បានឃើញក្រុមអ្នកស្រុកដែលកំពុងរត់តាមដងផ្លូវជាច្រើននាក់កាន់វ៉ាលិស កាបូបស្ពាយ និងកុមារតូចៗ ខណៈដែលរថយន្តដែលផ្ទុកដោយមនុស្សណែនណាន់តាន់តាប់ បានចាកចេញយ៉ាងលឿន។
ភ្លាមៗ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើមានមនុស្សប៉ុន្មាននាក់បានភៀសខ្លួនចេញនោះ បើទោះជាសង្កាត់នានា ហាក់មានសភាពស្ងាត់ជ្រងំ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗ បន្ទាប់ពីមន្ត្រីនគរបាលម្នាក់ត្រូវបានសម្លាប់ នៅក្នុងតំបន់នេះ។
គួរបញ្ជាក់ថា យោងតាមអង្គការទេសន្តរប្រវេសន៍អន្តរជាតិ បានឲ្យដឹងថា មនុស្សជាង ៧០០.០០០នាក់ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅហៃទី ដោយសារតែជម្លោះដែលអូសបន្លាយ។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ចំពេលមានរបាយការណ៍ អំពីការរំលោភផ្លូវភេទគ្រប់ទីកន្លែង ការចាប់ជំរិតទារប្រាក់ និងការសម្លុតកំហែង ខណៈដែលមនុស្សប្រហែល ៦.០០០នាក់ បានធ្លាក់ចូលទៅក្នុងភាពអត់ឃ្លានកម្រិតទុរ្ភិក្ស៕


