អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោកឧត្តមនាវីទោ Daniel Hagari និយាយថា អ៊ីស្រាអែល នឹងវាយប្រហាររាល់ការប៉ុនប៉ងនាំយកអាវុធផ្តល់ជូនក្រុមហេសបូឡា ចេញពីប្រទេសស៊ីរី ។
លោក Hagari បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយើងបានរកឃើញថា រ៉ុក្កែត និងអាវុធផ្សេងទៀតដែលក្រុមហេសបូឡា វាយប្រហារមកលើទឹកដីអ៊ីស្រាអែល ត្រូវបានផលិតនៅក្នុងប្រទេសស៊ីរី ។
លោកថា ពួកយើងនឹងវាយប្រហាររាល់ការប៉ុនប៉ងនាំយកអាវុធចេញពីប្រទេសស៊ីរី ផ្តល់ជូនក្រុមហេសបូឡា ហើយពួកយើងនឹងវាយប្រហាររាល់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ដែលពួកយើងរកឃើញនៅក្នុងប្រទេសស៊ីរីថា គោលបំណងរបស់វា គឺផលិតអាវុធសម្រាប់ក្រុមហេសបូឡា ។
លោកបន្តថា យោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមច្រកអាកាសចេញពីតំបន់ជាយក្រុងបេរូត និងវាយប្រហារតំបន់កាន់កាប់ Dahiyeh របស់ក្រុមហេសបូឡា ក៏ដូចជាទីក្រុងដាម៉ាស់របស់ប្រទេសស៊ីរី ។
លោក Hagari បានថ្លែងបែបនេះ ភ្លាមៗក្រោយទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី រាយការណ៍ថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលត្រូវចំស្ពានមួយកន្លែងក្នុងប្រទេសស៊ីរី ជិតព្រំដែនភាគខាងជើងប្រទេសលីបង់ ៕

