ដោយមិនបង្ហាញព័ត៌មានលម្អិត ប្រភពនយោបាយចំនួន២ បានប្រាប់សារព័ត៌មាន Reuters ថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសលីបង់ បានដាក់សំណើបទឈប់បាញ់មួយទៅកាន់ប្រធានសភាលីបង់លោក Nabih Berri កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែវិច្ឆិកា) ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា រវាងក្រុមប្រដាប់អាវុធហេសបូឡា និងប្រទេសអ៊ីស្រាអែល។
សហរដ្ឋអាមេរិកបានប្រឹងប្រែងជួយសម្របសម្រួលឲ្យមានបទឈប់បាញ់ ដែលនឹងបញ្ចប់អរិភាព រវាងសម្ព័ន្ធមិត្តរបស់ខ្លួន គឺអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងមិនទាន់ទទួលបានលទ្ធផលអ្វីនៅឡើយទេ។ អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាស និងផ្លូវគោកយ៉ាងខ្លាំងក្លា កាលពីចុងខែកញ្ញា បន្ទាប់ពីមានការប៉ះទង្គិចគ្នាឆ្លងព្រំដែន ដែលកើតមានឡើងស្របនឹងសង្គ្រាម នៅតំបន់ហ្កាហ្សា។
ប្រភពនយោបាយលីបង់ជាន់ខ្ពស់ចំនួន ២រូប បានប្រាប់ថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី Lisa Johnson បានជួបជាមួយលោក Berri ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា និងជាផ្លូវតំណាង សម្រាប់ភ្ជាប់ទំនាក់ទំនងការទូតជាមួយក្រុមនេះ ដើម្បីដាក់សំណើជាលាយលក្ខណ៍អក្សរលើកដំបូងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលយ៉ាងហោចណាស់ជាច្រើនសប្តាហ៍។
ប្រភពមួយបានប្រាប់សារព័ត៌មាន Reuters ថា៖ «វាគឺជាសេចក្តីស្នើព្រាងមួយ ដើម្បីឲ្យភាគីលីបង់ត្រួតពិនិត្យ»។ តែយ៉ាងណាក្ដី ប្រភពទាំង២ មិនអាចផ្តល់ព័ត៌មានលម្អិតអំពីខ្លឹមសារនៃសំណើនេះទេ។ ស្ថានទូតអាមេរិកនៅក្រុងបេរូត មិនទាន់មានការអត្ថាធិប្បាយអ្វីភ្លាមៗដែរ ពាក់ព័ន្ធនឹងការលើកឡើងនេះ៕

