ប្រធានគណបក្សគ្រីស្ទានធំបំផុតរបស់លីបង់ បាននិយាយថា ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ គួរតែបោះបង់ចោលអាវុធរបស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់សង្រ្គាមរយៈពេលជាង ១ឆ្នាំជាមួយអ៊ីស្រាអែល ហើយនិងធ្វើឲ្យពលរដ្ឋលីបង់រួចពីការស្លាប់ និងការបំផ្លិចបំផ្លាញខ្លាំងជាងនេះ ។
លោក Samir Geagea ដែលជាអ្នកប្រឆាំងផ្នែកនយោបាយដ៏រឹងរូសបំផុតរបស់ក្រុមហេសបូឡានៅក្នុងប្រទេសលីបង់ បាននិយាយបែបនេះប្រាប់ដល់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅឯគេហដ្ឋានរបស់លោកលើភ្នំ និងជាទីស្នាក់ការកណ្តាលគណបក្សរបស់លោកស្ថិតក្នុងទីក្រុង Maarab នៅភាគខាងជើងទីក្រុងបេរូត ពេលដែលអ៊ីស្រាអែល បន្តបើកការវាយប្រហារលើតំបន់កាន់កាប់របស់ក្រុមហេសបូឡា ។
លោកនិយាយថា ជាមួយនឹងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់ក្រុមហេសបូឡា ឃ្លាំងទំនិញរបស់ពួកគេ តំបន់ជាច្រើនរបស់លីបង់ ត្រូវបានបំផ្លិចបំផ្លាញផងដែរ ។ វាគឺជាខូចខាតដ៏ធំមួយ ។
ក្រុមអ្នករិះគន់ក្រុមហេសបូឡានៅក្នុងប្រទេសលីបង់ ដូចជាលោក Geagea និយាយថា ពួកគេបានអូសទាញលីបង់ដោយឯកតោភាគី ធ្លាក់ចូលសង្រ្គាមថ្មី ក្រោយពួកគេចាប់ផ្តើមវាយប្រហារអ៊ីស្រាអែល ដើម្បីបង្ហាញសាមគ្គីភាពជាមួយក្រុមហាម៉ាស់ បន្ទាប់ពីការវាយប្រហារតំបន់សហគមន៍ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ជាហេតុនាំឲ្យកើតមានសង្រ្គាមនៅតំបន់ហ្កាហ្សា ។
ក្រុមហេសបូឡា និយាយថា ពួកគេកំពុងការពារលីបង់ពីការឈ្លានពានរបស់អ៊ីស្រាអែល ហើយពួកគេសច្ចាថា នឹងបន្តធ្វើសង្រ្គាមតទៅទៀត ដោយពួកគេនិយាយថា ពួកគេនឹងមិនទម្លាក់អាវុធជាដាច់ខាត ឬមិនបណ្តោយឲ្យអ៊ីស្រាអែលចំណេញនយោបាយ ពីក្រោយសង្រ្គាមមួយនេះឡើយ ៕


