មនុស្សជាង ៥.០០០នាក់ បាននាំគ្នាតវ៉ានៅក្បែរសភារបស់ប្រទេសលីទុយអានី កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែវិច្ឆិកា) ដើម្បីប្រឆាំងនឹងអ្នកឈ្នះការបោះឆ្នោត គឺគណបក្សប្រជាធិបតេយ្យសង្គម ដែលកំពុងចូលរួមក្នុងរដ្ឋាភិបាលចម្រុះ ជាមួយគណបក្សដែលមេដឹកនាំរបស់គណបក្សនេះ កំពុងត្រូវបានកាត់ទោសពីបទចោទប្រកាន់ធ្វើសេចក្តីថ្លែងការណ៍ប្រឆាំងនឹងជនជាតិជ្វីហ្វ។
គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យសង្គម បានគ្រប់គ្រងអាសនៈចំនួន ៨៦កៅអី នៅក្នុងសភាដែលមានសមាជិក ១៤១រូប បន្ទាប់ពីបានបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្ស Nemunas Dawn និងគណបក្ស For Lithuania។ សមាជិកសភាបានស្បថចូលកាន់តំណែង កាលពីថ្ងៃព្រហស្បតិ៍។
ស្ថាបនិក និងជាប្រធានគណបក្ស Nemunas Dawn លោក Remigijus Zemaitaitis (រេមិជីអ៊ុស ហ្សេម៉ៃតៃតិស) បានលាលែងពីសភា ក្នុងខែមេសា នៅមុនមានការបោះឆ្នោតចោទប្រកាន់ បន្ទាប់ពីតុលាការធម្មនុញ្ញ បានសម្រេចថា លោកបានបំពានលើពាក្យសម្បថរបស់លោក ដោយបានញុះញង់ឲ្យមានការស្អប់ខ្ពើមប្រឆាំងនឹងជនជាតិជ្វីហ្វ តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម កាលពីឆ្នាំមុន។
ក្រុមមនុស្សដែលបានប្រមូលផ្តុំគ្នានៅក្រោមភ្លៀងធ្លាក់ដ៏ត្រជាក់ ខាងក្រៅសភា កាលពីថ្ងៃព្រហស្បតិ៍ បាននាំគ្នាទះដៃអបអរសាទរ ខណៈដែលតំណាងរបស់ពួកគេអំពាវនាវឲ្យគណបក្សប្រជាធិបតេយ្យសង្គមបញ្ចប់សម្ព័ន្ធភាពជាមួយគណបក្ស Nemunas Dawn។
លោក Zemaitaitis ត្រូវបានកាត់ទោសកាលពីខែកញ្ញា ដោយត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងបង្កើតអរិភាព» និងបង្កឲ្យមានភាពមិនអត់ឱនអធ្យាស្រ័យ ចំពោះជនជាតិជ្វីហ្វ» និងពីបទនិយាយសម្រាលដល់ការសម្លាប់រង្គាល នៅប្រទេសលីទុយអានី។ លោកបាននិយាយថា ការបង្ហោះរបស់លោកមិនបានប្រឆាំងនឹងជនជាតិជ្វីហ្វទេ ហើយបានបដិសេធ ចំពោះការប្រព្រឹត្តិខុសណាមួយ៕

