សារព័ត៌មានរដ្ឋស៊ីរី រាយការណ៍ថា មនុស្ស ១៥នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើអគាររស់នៅអ្នកស្រុក ក្នុងទីក្រុងដាម៉ាស់កាលពីថ្ងៃព្រហស្បតិ៍ ។
អ៊ីស្រាអែល និយាយថា ការវាយប្រហារនេះ មានគោលដៅលើទីតាំងយោធា និងជាទីស្នាក់ការកណ្តាលរបស់ក្រុមជីហាដអ៊ីស្លាម ។
យោងតាមប្រភពពីយោធាស៊ីរី បានឲ្យដឹងថា អគារដែលក្លាយជាគោលដៅវាយប្រហារនេះ ស្ថិតក្នុងតំបន់ជាយក្រុង Mazzeh និងតំបន់ជាយក្រុង Qudsaya នៅភាគខាងលិចទីក្រុងដាម៉ាស់ ។
គួរឲ្យដឹងថា អ៊ីស្រាអែល បានបើកការវាយប្រហារលើគោលដៅមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក្នុងប្រទេសស៊ីរី អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេបានបង្កើនការវាយប្រហារខ្លាំង ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយក្រុមជីវពលហាម៉ាស់ប៉ាឡេស្ទីន លើតំបន់សហគមន៍ភាគខាងត្បូងអ៊ីស្រាអែល ជាហេតុបង្កឲ្យកើតមានសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប ។
យោងតាមសម្តីរបស់ក្រុមអ្នកស្រុកដែលបានរត់ភៀសខ្លួន ក្រោយការវាយប្រហារកាលពីពេលថ្មីៗដែលបានសម្លាប់ឥស្សរជនសំខាន់ៗរបស់ក្រុមហេសបូឡា បានឲ្យដឹងថា ក្រុមមេបញ្ជាការនៅក្នុងក្រុមប្រដាប់អាវុធហេសបូឡាលីបង់ និងក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់មានមូលដ្ឋាននៅប្រទេសស៊ីរី ត្រូវបានគេដឹងថា រស់នៅក្នុងតំបន់ជាយក្រុង Mazzeh ។
ប្លុកអគារខ្ពស់ៗនៅតំបន់ជាយក្រុង Mazzeh ធ្លាប់ប្រើប្រាស់ដោយក្រុមអាជ្ញាធរស៊ីរីកាលពីមុន ដើម្បីទទួលឲ្យស្នាក់នៅក្រុមមេដឹកនាំជីវពលប៉ាឡេស្ទីន រួមទាំងក្រុមហាម៉ាស់ និងក្រុមជីហាដអ៊ីស្លាម ៕


