អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) គឺលោក Mark Rutte បាននិយាយថា លោកកំពុងទន្ទឹងរង់ចាំធ្វើការជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ខណៈពេលដែលកំពុងត្រួតពិនិត្យកងទ័ព ក្នុងអំឡុងពេលធ្វើសមយុទ្ធ នៅប្រទេសឡាតវី កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែវិច្ឆិកា)។
លោក Rutte បានអះអាងថា លោកមានទំនាក់ទំនងការងារល្អជាមួយលោក Trump ក្នុងពេលដែលលោកកាន់តំណែងជានាយករដ្ឋមន្ត្រីហូឡង់។
គួរបញ្ជាក់ថា លោក Trump បានរិះគន់អស់ជាច្រើនឆ្នាំមកហើយ ចំពោះប្រទេសសមាជិករបស់អង្គការណាតូថា មិនបានបំពេញតាមគោលដៅចំណាយផ្នែកយោធាដែលបានព្រមព្រៀងគ្នា ហើយបានព្រមានក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតថា លោកមិនត្រឹមតែបដិសេធមិនការពារប្រទេសដែល «មិនអើពើ» ដល់ការផ្តល់មូលនិធិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឲ្យរុស្ស៊ី «ធ្វើអ្វីក៏បានដែលប្រទេសនេះចង់ធ្វើ» ចំពោះប្រទេសទាំងនោះ។
ហើយលើសពីនេះទៀត លោក Trump ក៏បានរិះគន់ប្រធានាធិបតីក្នុងតំណែង លោក Joe Biden ចំពោះការផ្ដល់ជំនួយឲ្យអ៊ុយក្រែន ដោយធ្វើឲ្យមានក្ដីបារម្ភដល់អនាគតនៃការគាំទ្រ សម្រាប់រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Volodymyr Zelenskiy ពីសំណាក់សេតវិមាន ព្រឹទ្ធសភា និងសភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ។
តែយ៉ាងណាក្ដី ដោយកំពុងនិយាយរួមជាមួយប្រធានាធិបតីឡាតវី លោក Edgars Rinkevics (អេដហ្កាស៍ រិនខេវិចស៍) លោក Rutte បានអំពាវនាវដល់សមាជិករបស់អង្គការណាតូឲ្យបង្កើនការចំណាយលើវិស័យការពារជាតិ និងសមត្ថភាពផលិតកម្ម៕

