ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ(UN)ស្ថិតក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស និយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងម៉ូស្គូ ស្វាគមន៍ចំពោះកិច្ចចរចា លើការបញ្ចប់សង្រ្គាមអ៊ុយក្រែន បើសិនជាវាត្រូវបានផ្តើមគំនិតដោយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump ប៉ុន្តែកិច្ចប្រជុំណាមួយត្រូវការផ្អែកលើការពិតនៃការរុលទៅមុខរបស់រុស្ស៊ី ។
លោក Trumpបានរិះគន់ម្តងហើយម្តងទៀតពីទំហំនៃជំនួយរបស់លោកខាងលិចដល់ទីក្រុងគីវ ហើយលោកសន្យាបញ្ចប់ជម្លោះមួយនេះភ្លាមៗ ដោយលោកពុំបានពន្យល់វិធីបញ្ចប់វានោះឡើយ ។
ជ័យជំនះរបស់លោកនៅការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ៥ ខែវិច្ឆិកាកន្លងទៅ បង្កឲ្យមានក្តីកង្វល់នៅក្នុងទីក្រុងគីវ និងរដ្ឋធានីផ្សេងទៀតរបស់អឺរ៉ុប លើកម្រិតនៃការប្តេជ្ញាចិត្តនាពេលអនាគតរបស់សហរដ្ឋអាមេរិក ក្នុងការជួយអ៊ុយក្រែន ។
លោក Gennady Gatilov គឺជាប្រេសិតពិសេសរុស្ស៊ីប្រចាំនៅ UNនិយាយថា លោក Trumpសន្យាដោះស្រាយវិបត្តិអ៊ុយក្រែនត្រឹម ១យប់ ។ បាន! សូមឲ្យគាត់សាកល្បង ប៉ុន្តែពួកយើងគឺជាមនុស្សប្រាកដនិយម ពួកយើងយល់ថា នេះនឹងមិនកើតឡើងនោះទេ ។
លោកបន្តថា ប៉ុន្តែបើសិនជាគាត់ចាប់ផ្តើម ឬលើកឡើងអ្វីមួយ ដើម្បីចាប់ផ្តើមដំណើរការនយោបាយ ពួកយើងសូមស្វាគមន៍ ។
លោក Gennady បន្តទៀតថា រាល់កិច្ចចរចាណាមួយ គឺត្រូវផ្អែកលើអ្វីដែលលោកចាត់ទុកថាជាការពិតជាមូលដ្ឋាន ចាត់ទុកអ៊ុយក្រែនថាជាបាតជើងនៃជម្លោះរយៈពេលជាង ២ឆ្នាំកន្លងមកនេះ ។ រុស្ស៊ី កំពុងរុលទៅមុខក្នុងជំហានលឿនបំផុតក្នុងរយៈពេលយ៉ាងហោច ១ឆ្នាំនៅអ៊ុយក្រែន ហើយបច្ចុប្បន្នគ្រប់គ្រងតំបន់ ១ភាគ៥របស់ប្រទេសមួយនេះ ។
គួរឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយម្តងហើយម្តងទៀតថា សន្តិភាពមិនអាចកើតមានបានឡើយ រហូតដល់កងកម្លាំងរុស្ស៊ីត្រូវបានបញ្ចេញទាំងអស់ និងដែនដីទាំងអស់ដណ្តើមយកទៅដោយទីក្រុងម៉ូស្គូ រួមទាំងតំបន់គ្រីមៀ ត្រូវតែប្រគល់ត្រឡប់មកវិញ ៕


