បាល់ទាត់៖ ក្រុមបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al Hilal បានឈានឡើងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League ជាលើកទី៣ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយបន្ទាប់ពីយកឈ្នះក្រុមរួមលីគ Al Nassr ២-១។ ជំនួបក្រុមទាំងពីរធ្វើឡើងនៅកីឡដ្ឋាន Mrsool Park ទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីតយប់ថ្ងៃអង្គារម្សិលមិញដែលជាជំនួប Riyadh Derby។

Moussa Marega បើកការនាំមុខមុនឱ្យ Al Hilal នៅនាទីទី១៧ ដែលជាគ្រាប់ដំបូងរបស់គេនៅ AFC Champions League មុនពេលដែល Al Nassr កាន់តែយ៉ាប់យ៉ឺននៅពេល Ali Al Lajami ត្រូវបានបណ្តេញចេញពីការប្រកួតក្រោយកំហុសលើ Marega នៅចុងវគ្គទី១។ ទោះបីជាមានគ្នាតិចជាងក៏ពិតមែន Al Nassr ក៏នៅតែអាចរកបានគ្រាប់តាមស្មើវិញនៅវគ្គទី២ នាទីទី៥០ ដោយការតែតបញ្ចូលទីរបស់ Anderson Talisco។ យ៉ាងណាក្តី Al Hilal នៅតែមានប្រៀប និងរកបានគ្រាប់ជ័យជំនះនៅនាទីទី៧១ ដោយ Salem Al-Dawsari។ ជ័យជំនះនេះធ្វើឱ្យ Al Hilal ឡើងទៅអង្គុយចាំនៅវគ្គផ្តាច់ព្រ័ត្រមុន រង់ចាំជួបជាមួយក្រុមឈ្នះរវាងក្រុមកូរ៉េខាងត្បូងទាំងពីរ Pohang Steeler និង Ulsan Hyundai ដែលជួបគ្នាយប់នេះ។ រំលឹកថា Al Hilal បានឡើងវគ្គផ្តាច់ព្រ័ត្រ ៣លើករួចមកហើយរាប់ពីឆ្នាំ២០១៧ តែចាញ់នៅ Urawa Red នៅវគ្គផ្តាច់ព្រ័ត្រ និងឆ្នាំ២០១៩ ជាជើងឯកក្រោយសងសឹក Urawa Red របស់ជប៉ុនបានសំរេច៕
អត្ថបទ៖នាង សុភាវុធ