ប្រទេសចិនបានអនុញ្ញាតឲ្យនាវាស៊ីវិលដែលបញ្ជូនដោយប្រទេសហ្វីលីពីន ដើម្បីដឹកសម្ភារៈផ្គត់ផ្គង់ទៅកាន់នាវាចម្បាំងរបស់ខ្លួន ដែលចតចោល «ដោយខុសច្បាប់» នៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។ នេះបើតាមការឲ្យដឹងពីឆ្មាំល្បាតឆ្នេររបស់ប្រទេសមហាយក្ស នៅអាស៊ី នាថ្ងៃសុក្រ (ទី១៥ ខែវិច្ឆិកា) នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អំពីការធ្វើដំណើរដែលបានធ្វើឡើង នៅមួយថ្ងៃមុននេះ អ្នកនាំពាក្យរបស់ទីភ្នាក់ងារនេះ លោក Liu Dejun បាននិយាយថា៖ «សង្ឃឹមថា ហ្វីលីពីននឹងគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ធ្វើការជាមួយប្រទេសចិន ក្នុងទិសដៅតែមួយ និងរួមគ្នាគ្រប់គ្រងស្ថានការណ៍ដែនសមុទ្រ»។
គួរបញ្ជាក់ថា ប្រទេសចិនទាមទារស្ទើរតែទាំងស្រុងនូវតំបន់នៃសមុទ្រចិនខាងត្បូង ទោះបីជាមានការទាមទារត្រួតស៊ីគ្នាពីសំណាក់ប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមក៏ដោយ។
ក្នុងឆ្នាំ២០១៦ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ នៅទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចថា ការអះអាងសិទ្ធិរបស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ ជាសេចក្តីសម្រេច ដែលទីក្រុងប៉េកាំងបានច្រានចោល៕

