រដ្ឋមន្ត្រីការបរទេសកាណាដា កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែវិច្ឆិកា) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពមនុស្សធម៌ «ដ៏មហន្តរាយ» នៅទូទាំងតំបន់ហ្កាហ្សា និងបានព្រមានអំពី «កម្រិតគំរាមកំហែងដល់អាយុជីវិត ដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ»។
រដ្ឋមន្ត្រីការបរទេស លោកស្រី Melanie Joly បានដកស្រង់របាយការណ៍កាលពីថ្ងៃទី៨ ខែវិច្ឆិកា ដោយគណៈកម្មាធិការត្រួតពិនិត្យគ្រោះទុរភិក្ស ដែលបានរកឃើញពីលទ្ធភាពខ្ពស់ខ្លាំង ដែលទុរ្ភិក្សកំពុងកើតឡើង ឬជិតកើតមាន ក្នុងតំបន់នានា នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប។ គណៈកម្មាធិការនេះបានរកឃើញថាមនុស្ស ១៣៣.០០០នាក់ នៅតំបន់ហ្កាហ្សា កំពុងប្រឈមនឹងអសន្តិសុខស្បៀងដ៏មហន្តរាយ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយរដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិ លោក Ahmend Hussen លោកស្រី Joly បានលើកឡើងថា៖ «នេះមានន័យថា ជនស៊ីវិល ពោលគឺទាំងបុរស ស្ត្រី និងកុមារ បានស្លាប់ដោយសារតែខ្វះជំនួយមនុស្សធម៌ដែលត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្កាហ្សា»។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជំនួយមិនគ្រប់គ្រាន់ កំពុងទៅដល់ដៃអ្នកដែលពឹងផ្អែកលើវា ដើម្បីរស់រានមានជីវិត ហើយទាំងភ្នាក់ងារមនុស្សធម៌ និងបុគ្គលិកមនុស្សធម៌ បន្តប្រឈមនឹងឧបសគ្គដែលអាចចៀសវាងបាន។ សេចក្ដីថ្លែងការណ៍ បានបន្ថែមថា អ៊ីស្រាអែលត្រូវតែគោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ និងផ្តល់នូវការពង្រីកបន្ថែមសំខាន់ៗ និងជានិរន្តរភាពដល់ជំនួយមនុស្សធម៌ សម្រាប់ប្រជាជនស៊ីវិល៕



