មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាល លោក Joe Biden បាននិយាយថា សហរដ្ឋអាមេរិកត្រូវតែត្រៀមខ្លួនពង្រីកបន្ថែមនូវកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ដើម្បីទប់ស្កាត់ការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង ។ ការសម្រេច ជុំវិញថា តើត្រូវដាក់ពង្រាយអាវុធនុយក្លេអ៊ែរបន្ថែមទៀតដែរ ឬយ៉ាងណានោះ កំពុងត្រូវបានបន្សល់ទុកឲ្យរដ្ឋបាលនាពេលខាងមុខរបស់លោក Donald Trump ដែលមិនទាន់បានបង្ហាញពីផែនការការពារជាតិរបស់ខ្លួន។
អំឡុងពេលកាន់តំណែងអាណត្តិដំបូងរបស់លោក លោក Trump បានគាំទ្រនូវកម្មវិធីអាវុធនុយក្លេអ៊ែរសំខាន់ៗទាំងអស់ ដែលលោកបានទទួលបន្តពីរដ្ឋបាលលោក Barack Obama និងបានបន្ថែមប្រព័ន្ធនុយក្លេអ៊ែរថ្មីចំនួន ២ទៀត។ ក្រុមទទួលបន្ទុកកិច្ចការផ្ទេរអំណាចរបស់លោក Trump មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ។
គោលនយោបាយរបស់រដ្ឋបាល លោក Biden ត្រូវបានចងក្រងនៅក្នុង «សេចក្ដីណែនាំអំពីផែនការការងារអាវុធនុយក្លេអែរ» របស់ខ្លួន ហើយកើតឡើងក្នុងខណៈពេលដែលប្រទេសចិន កំពុងបន្តពង្រីកសមត្ថភាពនុយក្លេអ៊ែរខ្លាំងឡើងៗ រុស្ស៊ីកំពុងងាកចេញពីកិច្ចពិភាក្សាគ្រប់គ្រងអាវុធ ហើយកូរ៉េខាងជើងកំពុងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
សេចក្ដីណែនាំកម្រិតខ្ពស់នោះ ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី លោក Biden កាលពីដើមឆ្នាំនេះ ប្រាប់ទៅមន្ទីរបញ្ចកោណឲ្យបង្កើតជម្រើសនានា ដើម្បីទប់ស្កាត់ការលុកលុយរបស់ចិន រុស្ស៊ី និងកូរ៉េខាងជើង ក្នុងពេលដំណាលគ្នា។ ប្រទេសទាំងនោះ បាន និងកំពុងសហប្រតិបត្តិការលើផ្នែកយោធា ដោយធ្វើឲ្យមានហានិភ័យកាន់តែខ្ពស់ដែលទីក្រុងវ៉ាស៊ីនតោន អាចនឹងត្រូវដោះស្រាយជម្លោះជាច្រើន ក្នុងពេលតែមួយ។
មន្ត្រីរដ្ឋបាលជាច្រើនរូប បាននិយាយថា គោលនយោបាយរបស់លោក Biden សង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍប្រព័ន្ធមិនមែននុយក្លេអ៊ែរកម្រិតខ្ពស់ និងការធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយោធា ជាមួយសម្ព័ន្ធមិត្ត នៅអាស៊ី និងអឺរ៉ុប ដើម្បីទប់ទល់នឹងគ្រោះថ្នាក់ដែលអាចកើតមាន។ តែទោះជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណក៏កំពុងរៀបចំជម្រើស ដើម្បីដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែមទៀត ប្រសិនបើកិច្ចខិតខំប្រឹងប្រែងទាំងនោះបង្ហាញថា មិនគ្រប់គ្រាន់ ដោយគិតដល់លទ្ធភាពនៃការមានឧសគ្គគ្រប់គ្រងអាវុធ និងការពន្យារពេលបន្ថែមទៀត ក្នុងការដោះស្រាយជាមួយប្រព័ន្ធនុយក្លេអ៊ែរជំនាន់ក្រោយរបស់សហរដ្ឋអាមេរិក៕

