បាល់ទាត់៖ អ្នកចាត់ការក្រុមបាល់ទាត់បុរសជំរើសជាតិទាំងអស់ នឹងត្រូវអនុញ្ញាតឱ្យជួបជាមួយលោក Arsene Wenger ពីគោលគំនិតបែបណាចំពោះគំរោងរបស់ FIFA ដែលចង់រៀបចំឱ្យមានព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជារៀងរាល់ ២ឆ្នាំម្តង។ លោក Arsene Wenger គឺជាប្រធានផ្នែកអភិវឌ្ឍបាល់ទាត់របស់ FIFA នឹងចាប់ផ្តើមជួបជាមួយអ្នកចាត់ការតាមបណ្តាក្រុមជំរើសជាតិទាំងអស់ ចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍។

អតីតអ្នកចាត់ការការក្រុមកាំភ្លើង Arsenal រូបនេះបានជួបជាមួយមនុស្សជាច្រើនរួចមកហើយក្នុងកិច្ចពិភាក្សាជុំវិញគំរោង World Cup ពីរឆ្នាំម្តងនេះ ក៏ដូចជាការកែប្រែកាលវិភាគប្រកួតលក្ខណៈអន្តរជាតិចាប់ពីឆ្នាំ២០២៤ តទៅ។ កន្លងមកមាន UEFA និងសមាគមក្លិបបាល់ទាត់អឺរ៉ុប ECA សុទ្ធតែបានបដិសេធមិនគាំទ្រគំរោងនេះ។ ជាមួយគ្នានោះដែរ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ក៏បានបង្ហាញក្តីបារម្ភរបស់ខ្លួនផងដែរដោយការៀបចំ World Cup ពីរឆ្នាំម្តងនឹងផ្តល់ផលប៉ះពាល់ដល់កីឡាដទៃទៀត និងទាមទារឱ្យមានការជជែក ពិភាក្សាប្រើពេលវេលាច្រើនបន្ថែមទៀត។
ចំណែក FIFA បានលើកឡើងថា ការរៀបចំឱ្យ World Cup ពីរឆ្នាំម្តងនឹងបង្កើនឱ្យក្រុមបាល់ទាត់ជំរើសជាតិដទៃទៀត មានឱកាសបង្ហាញខ្លួននៅព្រឹត្តិការណ៍នេះ កាត់បន្ថយការប្រកួតជំរុះ និងកាត់បន្ថយការប្រកួតមិត្តភាពអន្តរជាតិ ក៏ដូចជាកាត់បន្ថយការធ្វើដំណើររបស់កីឡាករ។ UEFA ធ្លាប់បានបដិសេធ និងបញ្ចេញយោបល់មុនគេថា ការរៀបចំ World Cup ពីរឆ្នាំម្តងនឹងធ្វើឱ្យបាត់បង់តំលៃនៃព្រឹត្តិការណ៍៕
អត្ថបទ៖នាង សុភាវុធ