មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃសុក្រទី១៥ វិច្ឆិកាថា ក្រុមនេះបានត្រៀមខ្លួនជាស្រេចសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សាដោយជំរុញឱ្យប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump ដាក់សម្ពាធអ៊ីស្រាអែល ខណៈប្រទេសនេះនៅតែបន្តវាយលុកដែនដីប៉ាឡេស្ទីន។
ការជំរុញនេះកើតឡើងជិតមួយសប្តាហ៍បន្ទាប់ពីកាតា ដែលជាម្ចាស់ផ្ទះនៃការចរចាបទឈប់បាញ់ក្នុងដែនដីប៉ាឡេស្ទីនបានប្រកាសថាខ្លួនកំពុងផ្អាកតួនាទីរបស់ខ្លួនជាអ្នកសម្របសម្រួលក្នុងសង្គ្រាម និងជំរុញឱ្យភាគីទាំងអស់បង្ហាញភាពស្មោះត្រង់ក្នុងការបញ្ចប់សង្រ្គាមនេះ។
សមាជិកការិយាល័យនយោបាយ ក្រុមហាម៉ាសមានមូលដ្ឋាននៅទីក្រុងដូហាប្រទេសកាតា លោក Bassem Naim បានប្រាប់សារព័ត៌មាន AFP ថា ក្រុមហាម៉ាសបានត្រៀមខ្លួនជាស្រេចដើម្បីឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប ប្រសិនបើសំណើបទឈប់បាញ់ត្រូវបានបង្ហាញ និងក្នុងលក្ខខណ្ឌដែលត្រូវបានគោរពដោយអ៊ីស្រាអែល។
យើងអំពាវនាវឱ្យរដ្ឋបាលអាមេរិក និងលោក Trump ដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែលឱ្យបញ្ចប់ការឈ្លានពាននេះ ។
លោកបានបន្ថែមថា ក្រុមហាម៉ាសបានជូនដំណឹងដល់អ្នកក្រុមសម្របសម្រួលថា វាជាការពេញចិត្តចំពោះសំណើណាមួយដែលបានដាក់ជូន ដែលនឹងនាំឱ្យមានបទឈប់បាញ់ជាក់លាក់ និងការដកទ័ពចេញពីតំបន់ហ្កាហ្សាស្ទ្រីប ដោយអនុញ្ញាតឱ្យមានការវិលត្រឡប់មករបស់ជនភៀសខ្លួន កិច្ចព្រមព្រៀងដ៏ច្បាស់លាស់សម្រាប់ការដោះដូរអ្នកទោស ការចូលទៅដល់នៃជំនួយមនុស្សធម៌ និងការកសាងដែនដីនេះឡើងវិញ៕



