ក្រុមបាតុករបានសម្រុកចូលសភានៃតំបន់ អាប់ខាស៊ៀ (Abkhazia)របស់ប្រទេសហ្សកហ្ស៊ី ដែលគាំទ្រដោយរុស្ស៊ីកាលពីថ្ងៃសុក្រ ១៥ វិច្ឆិកា ហើយក្រុមអ្នកនយោបាយប្រឆាំងទាមទារឱ្យប្រធានាធិបតីលាលែងពីតំណែងជុំវិញកិច្ចព្រមព្រៀងវិនិយោគគ្មានការគាំទ្រជាមួយទីក្រុងមូស្គូ។
ក្រុមបាតុករបានបើករថយន្តបំបុកទ្វារដែកជុំវិញសភាក្នុងរដ្ឋធានីស៊ូគូមី ( Sukhumi)។ វីដេអូពីកន្លែងកើតហេតុបានបង្ហាញមនុស្សឡើងតាមបង្អួចបន្ទាប់ពីរុះរើររនាំងដែក និងស្រែកនៅជុំវិញទីតាំងហាមឃាត់នានា។
មេដឹកនាំគណបក្សប្រឆាំងមួយរូប លោក តេមើ ហ្គូលីយ៉ា (Temur Gulia) បានប្រាប់សារព័ត៌មាន រ៉យទ័រថា ការទាមទារដំបូងរបស់ពួកគេគឺលុបចោលកិច្ចព្រមព្រៀងនេះ ប៉ុន្តែឥឡូវនេះក្រុមអ្នកតវ៉ាចង់បន្តសកម្មភាពប្រឆាំងថែមទៀត។
លោកហ្គូលីយ៉ា បាននិយាយថាប្រជាជនទាមទារឱ្យលោក អាស្លានប៊ីហ្សានៀ( Aslan Bzhania) លាលែងពីតំណែង ។
យើងមិនបានត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍នេះទេ។ តម្រូវការដំបូងរបស់យើងគឺគ្រាន់តែជាការដកចេញនៃកិច្ចព្រមព្រៀងវិនិយោគនេះប៉ុណ្ណោះ។
ក្រុមអ្នកតវ៉ាក៏បានទម្លាយចូលក្នុងការិយាល័យរដ្ឋបាលប្រធានាធិបតីដែលស្ថិតនៅក្នុងអគាររដ្ឋសភាផងដែរ។សេវាសង្គ្រោះបន្ទាន់បាននិយាយថាមនុស្សយ៉ាងហោចណាស់៩នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕


