យោធាអ៊ីស្រាអែលបានវាយឆ្មក់តាមអាកាសនៅតំបន់ជាយរដ្ឋធានីបេរូតរយៈពេលបួនថ្ងៃជាប់ៗគ្នា ខណៈក្រុមមន្ត្រីលីបង់បានសិក្សាផែនការរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានធ្វើឱ្យអគារចំនួនប្រាំកន្លែងនៅជាយភាគខាងត្បូងនៃរដ្ឋធានីលីបង់មួយនេះបាក់រំលំរាបដល់ដីកាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ មួយក្នុងចំណោមអគារទាំងនោះ មានទីតាំងនៅជិតផ្លូវប្រសព្វចដែលមានរាចរណ៍ដ៏មមាញឹកបំផុតរបស់រដ្ឋធានីបេរូត គឺនៅ តំបន់ តាយ៉ូណេ(Tayouneh) ។
យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារឃ្លាំងផ្ទុកអាវុធ ទីស្នាក់ការកណ្តាល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលប្រើប្រាស់ដោយក្រុមហេសបូឡារបស់លីបង់។
រាយការណ៍ពីរដ្ឋធានីបេរូតរបស់អ្នកសារព័ត៌មាន Al Jazeera បាននិយាយថា យោធាអ៊ីស្រាអែលបានចេញបញ្ជាជម្លៀសដោយបង្ខំចំនួនពីរ មុនពេលការវាយប្រហារ។
ចំណែកក្រសួងសុខាភិបាលលីបង់និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស៥៩នាក់ និង១៨២នាក់ផ្សេងទៀត រងរបួសទូទាំងប្រទេសក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
ពលរដ្ឋម្នាក់និយាយថា អ្នកស្រុកត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេដើម្បីសម្រួលភាពងាយស្រួលក្នុងការវាយប្រហារ ដោយមិនដឹងថាតើផ្ទះរបស់ពួកគេបានរួចផុតពីគោលដៅវាយប្រហារ ឬអត់នោះទេ៕


