លោកប្រធានាធិបតីអាមេរិក Joe Biden បានជួបមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ ១៥វិច្ឆិកា ខណៈព្យាយាមពង្រឹងវឌ្ឍនភាពការទូតរបស់ខ្លួនមុនពេលសហរដ្ឋអាមេរិកដឹកនាំដោយរដ្ឋបាលថ្មីរបស់លោកTrump ដែលមានការព្រួយបារម្មណ៍ជាច្រើន ថា អាចប៉ះពាល់ដល់សម្ព័ន្ធភាពទូទាំងពិភពលោក។
ជំនួបរវាងទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាស៊ីជិតស្និទ្ធបំផុតចំនួនពីរបានធ្វើឡើង ខណៈទំនាក់ទំនងអាមេរិកជាមួយទីក្រុងប៉េកាំង ត្រូវបានគេរំពឹងថានឹងមានការប្រឈមដាក់គ្នាបន្ថែមទៀតបន្ទាប់ពីការស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាខាងមុខរបស់លោក Donald Trump ដោយសារការប្ដេជ្ញារបស់លោកពីការដំឡើងពន្ធយ៉ាងខ្ពស់ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសចិន។
ការដាក់ពង្រាយទ័ពរបស់កូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ក៏ដូចជាកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការធ្វើឱ្យមានភាពស្រអាប់សម្រាប់ដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះដ៏យូរអង្វែងជាមួយកូរ៉េខាងត្បូង កំពុងបង្កើនភាពតានតឹងនៅក្នុងតំបន់អាស៊ីផងដែរ។
សេចក្តីថ្លែងការណ៍រួមមួយ សំដៅលើកូរ៉េខាងត្បូង និងកូរ៉េខាងជើង ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់មេដឹកនាំកូរ៉េខាងជើង និងរុស្ស៊ី ក្នុងការពង្រីកសង្រ្គាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។
គួរឲ្យដឹងថា ជំនួប រវាងលោកប្រធានាធិបតី Biden លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងលោកនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba ធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូល APEC ក្នុងរដ្ឋធានីលីម៉ា (Lima )ប្រទេសប៉េរូ ៕


