ភ្នំពេញ៖នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ត្រូវនឹងថ្ងៃទី៣ ឬថ្ងៃបញ្ចប់នៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារជូនពរ ដល់បងប្អូនប្រជាពលរដ្ឋបន្តរីករាយសប្បាយជាមួយបុណ្យជាតិដ៏ធំនេះ ខណៈរយៈពេល២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកប្រព្រឹត្តទៅដោយរលូនជាមួយសុខសុវត្ថិភាព និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវបរទេស។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍តាមរយៈបណ្ដាញសង្គមថា រយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងមក បានប្រព្រឹត្តទៅដោយរលូន ជាមួយសុខសុវត្ថិភាព និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវបរទេស ។
សម្ដេចធិបតីបានជូនពរដល់ លោកតាលោកយាយ អ៊ំពូមីង បងប្អូនព្រមទាំងក្មួយៗទាំងអស់ សូមរីករាយជាមួយការដើរលេងកម្សាន្តនៅថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយអនុស្សាវរីយ៍ល្អៗក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់នៃសុខសន្តិភាព៕










