ក្រសួងសុខាភិបាលលីបង់បាននិយាយកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអ៊ែល និងក្រុមហេសបូឡា បច្ចុប្បន្នបានកើនឡើងដល់៣.៤៤៥នាក់ ខណៈអ្នករងរបួសកើនឡើងដល់ ១៤.៥៩៩ នាក់។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីល្ងាចថ្ងៃសុក្របានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជុំទី ៤ របស់ខ្លួនប្រឆាំងនឹងគោលដៅរបស់ក្រុមហេសបូឡានៅជាយភាគខាងត្បូងនៃរដ្ឋធានីបេរូតប្រទេសលីបង់ក្នុងថ្ងៃតែមួយ។ គោលដៅរួមមានមជ្ឈមណ្ឌលបញ្ជារបស់ហេសបូឡា និងឃ្លាំងអាវុធ។
សេចក្តីថ្លែងការណ៍បានចង្អុលបង្ហាញថា មុនពេលមានការវាយប្រហារ កងទ័ពអ៊ីស្រាអែលបានចេញការព្រមានអំពីការជម្លៀសដល់ជនស៊ីវិលនៅក្នុងតំបន់រួចហើយ។
យុទ្ធនាការរបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី២៧តុលាឆ្នាំ២០២៤មក បានបង្ខំឲ្យប្រជាពលរដ្ឋលីបង់ជាង១លាននាក់ ភៀសខ្លួនចេញពីលំនៅឋាន និងប្រឈមវិបត្តិមនុស្សធម៌។
ក្រុមហេសបូឡា នៅតែបន្តបាញ់ស្រោចគ្រាប់រ៉ូកែត វាយប្រហារចូលទៅក្នុងទឹកដីអ៊ីស្រាអែល ហើយក្រុមយុទ្ធជនរបស់ខ្លួន នៅតែបន្តប្រយុទ្ធជាមួយកងទ័ពអ៊ីស្រាអែល៕


