ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា សង្រ្គាមជាមួយរុស្ស៊ី ទំនងជាត្រូវបញ្ចប់បានឆាប់ជាងនេះ ក្រោមតំណែងប្រធានាធិបតីលោក Donald Trump ។
ប្រធានាធិបតីសហរដ្ឋអាមេរិកជាប់ឆ្នោតរូបនេះ តែងតែនិយាយអំឡុងយុទ្ធនាការបោះឆ្នោតរបស់លោកថា លោកនឹងបញ្ចប់ជម្លោះឲ្យបានឆាប់រហ័សនៅប្រទេសអ៊ុយក្រែន ដោយរូបលោកពុំបានផ្តល់ការបញ្ជាក់ណាមួយនោះឡើយ ។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអ៊ុយក្រែន ដែលបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍ លោក Zelenskiy បាននិយាយផងដែរថា ទីក្រុងគីវ ត្រូវតែធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីឲ្យសង្រ្គាមមួយនេះ បញ្ចប់នៅឆ្នាំក្រោយ បញ្ចប់តាមរយៈមធ្យោបាយការទូត ។
លោកបានធ្វើសេចក្តីអត្ថាធិប្បាយលើពេលវេលាសំខាន់ បន្ទាប់ពីលោក Trumpឈ្នះឆ្នោត និងសមរភូមិលំបាកបង្កឡើងដោយរុស្ស៊ី ។
លោកថា ច្បាប់សហរដ្ឋអាមេរិករារាំងរូបលោកពីការជួបលោក Trumpមុនពិធីស្បថឡើងកាន់តំណែងរបស់លោកនៅថ្ងៃទី ២០ ខែមករា ឆ្នាំក្រោយ ។ ជាមួយនឹងគោលនយោបាយរបស់ក្រុមដែលឆ្ពោះទៅកាន់សេតវិមានឥឡូវនេះ សង្រ្គាមនឹងបញ្ចប់បានឆាប់ជាង ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Zelenskiy និយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនចាប់អារម្មណ៍ការឯកភាពលើកិច្ចព្រមព្រៀងសន្តិភាពនោះទេ ហើយលោកសូមនិយាយជំទាស់ថា វាមិនស្រួលនោះទេឲ្យទីក្រុងម៉ូស្គូ អង្គុយជជែកពិភាក្សា ខណៈពួកគេនៅបន្តធ្វើសង្រ្គាមបែបនេះ ។
គួរឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ(UN)ស្ថិតក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ទីក្រុងម៉ូស្គូ ស្វាគមន៍ចំពោះកិច្ចចរចា លើការបញ្ចប់សង្រ្គាមអ៊ុយក្រែន បើសិនជាវាត្រូវបានផ្តើមគំនិតដោយលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ប៉ុន្តែកិច្ចប្រជុំណាមួយត្រូវការផ្អែកលើការពិតនៃការរុលទៅមុខរបស់រុស្ស៊ី ។
ជ័យជំនះរបស់លោកនៅការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ៥ ខែវិច្ឆិកាកន្លងទៅ បង្កឲ្យមានក្តីកង្វល់នៅក្នុងទីក្រុងគីវ និងរដ្ឋធានីផ្សេងទៀតរបស់អឺរ៉ុប លើកម្រិតនៃការប្តេជ្ញាចិត្តនាពេលអនាគតរបស់សហរដ្ឋអាមេរិក ក្នុងការជួយអ៊ុយក្រែន ៕


