ព្យុះត្រូពិក Sara បណ្តាលឲ្យមានទឹកជំនន់ទ្រង់ទ្រាយធំ និងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យកាត់ផ្តាច់តំបន់សហគមន៍ជាច្រើននៅភាគខាងជើងប្រទេសហុងឌូរ៉ាស ។
ភ្លៀងធ្លាក់ខ្លាំង នាំឲ្យបាក់ស្ពានសំខាន់នៅលើទន្លេទឹកឡើង ស្ថិតក្នុងទីក្រុងតំបន់ឆ្នេរ La Ceiba ដែលបានកាត់ផ្តាច់ការចូលដល់តំបន់សហគមន៍ទាំងមូល ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរ បានឲ្យដឹងថា ព្យុះ Sara បណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និងមនុស្ស ៥៥.៧០៩នាក់ផ្សេងទៀត រងផលប៉ះពាល់ ក៏ដូចជាសហគមន៍ ១៤៦កន្លែង ត្រូវបានកាត់ផ្តាច់ ស្ពាន ៥កន្លែង រងការបំផ្លិចបំផ្លាញ និងផ្លូវ ២០ រងការខូចខាត ។
ភ្លៀងធ្លាក់ឥតឈប់ឈរ បានចាប់ផ្តើមចាប់តាំងពីយប់ថ្ងៃសុក្រមកម្ល៉េះ បណ្តាលទឹកទន្លេឡើង ជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងមនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសខ្លួន ដោយសារហានិភ័យនៃការបំផ្លិចបំផ្លាញ ។
យោងតាមសេចក្តីរាយការណ៍ចុងក្រោយរបស់មន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា ព្យុះត្រូពិក Sara បានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសបេលីហ្ស និងតំបន់ភាគអាគ្នេយ៍ម៉ិកស៊ិក ។ វាស្ថិតនៅចម្ងាយ ៤៥គ.មភាគពាយ័ព្យកោះ Roatan របស់ប្រទេសហុងឌូរ៉ាស និងស្ថិតនៅចម្ងាយ ១៧៥គ.មភាគអាគ្នេយ៍រដ្ឋធានីប្រទេសបេលីហ្ស ៕


