កំពត ៖មន្ត្រីជំនាញបានបញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តកំពតទទួលទេសចរជាង១៣ម៉ឺននាក់។ ខណៈដែលទេសចរ ពលរដ្ឋ អាជីវករ និងអ្នកផ្តល់សេវាទេសចរណ៍ បានបង្ហាញក្តីសប្បាយរីក និងថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តកំពត ដែលបានរៀបចំអភិវឌ្ឍន៍ខេត្តបានល្អ ផ្តល់ជូនទាំងសុខសុវត្ថិភាព និងភាពសប្បាយរីករាយយ៉ាងខ្លាំង។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា រយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តកំពតទទួលទេសចរសរុប១៣៤ ៦២២នាក់ កើនឡើង៥៩.៨២% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះទេសចរអន្តរជាតិ២២០៦នាក់។ ចំពោះស្ថានភាពទូទៅ នៅតាមសេវាកម្ម រមណីយដ្ឋាន សហគមន៏ទេសចរណ៏ បានប្រព្រឹត្តិទៅជាប្រក្រតី ពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះទេ។ លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា សម្រាប់ពិធីបុណ្យអុំទូកឆ្នាំនេះ បណ្តុំតំបន់ទេសចរណ៍ទឺកឈូ នៅតែគោលដៅទាក់ទាញ និងមានទេសចរទៅលេងច្រើនជាងគេ។
ភ្ញៀវទេសចរ យុវជន អ្នកលក់ដូរ និងអ្នកផ្តល់សេវាទេសចរណ៍នៅខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានរៀបចំអភិវឌ្ឍន៍ខេត្តបានល្អ ផ្តល់ជូនទាំងសុខសុវត្ថិភាព និងភាពសប្បាយរីករាយ។
តាមការបញ្ជាក់របស់មន្ត្រីជំនាញថា សម្រាប់ថ្ងៃអាទិត្យទី១៧ ខែវិច្ឆិកានេះ ភ្ញៀវទេសចរមួយចំនួនធំនៅបន្តដំណើរកម្សាន្តនៅខេត្តកំពតនៅឡើយទេ៕



