ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃនៅរាជធានីភ្នំពេញបានបិទបញ្ចប់ពិតមែនក្ដី តែប្រជាពលរដ្ឋមួយចំនួននៅបន្តដើរកម្សាន្ត ថតរូបលេងនៅឡើយ នៅចំណុចមាត់ទន្លេ ក៏ដូចជាមុខព្រះបរមរាជវាំង។ ស្របពេលដើរកម្សាន្តនេះ ពួកគេលើកឡើងជាស្ងើចសរសើរ ចំពោះការរក្សាបានអនាម័យ ដែលអជ្ញាធរ និងអ្នកពាក់ព័ន្ធ ក៏ដូចជាអ្នកស្ម័គ្រចិត្តនានា បានចូលរួមសម្អាតទីធ្លាបានយ៉ាងល្អតាំងពីព្រឹកព្រលឹម។
ឈានចូលដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ក្រុមអាជ្ញាធរ បានបន្តបែងចែកការងារជាក្រុម ដើម្បីសម្អាតនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំព្រះរាជពិធីបុណ្យអុំទូក។ ការងារចាប់ផ្ដើម ពីការបោសសម្អាតសំរាម រហូតដល់ការបាញ់លាងសម្អាតនៅតាមផ្លូវ តាមសួនតាំងពីមុនថ្ងៃរះមកម្លេះ។
សកម្មភាពដ៏មមាញឹកនេះ បានផ្ដល់មកវិញនូវភាពស្អាតគ្រប់បរិវេណសំខាន់ៗ ក៏ដូចជាការកោតសសើរ និងពេញចិត្តពីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋដែលបានមកដល់មុខព្រះបរមរាជវាំងតាំងពីព្រឹកព្រលឹម លើកឡើងថា ពួកគាត់មានអារម្មណ៍ស្រស់ស្រាយ ពេលឃើញអនាម័យមានភាពប្រសើរ គ្មានសំរាម និងការបាញ់ទឹកលាងយ៉ាងស្អាតបែបនេះ។ ពួកគាត់ពិតជាកោតសសើរ និងអរគុណដល់អាជ្ញាធរ ដែលបានខិតខំគ្រប់គ្រង និងសម្អាតគ្រប់ទីតាំងឱ្យបានស្អាតតាំងពីព្រលឹមបែបនេះ។
សម្រាប់ព្រឹត្តិការណ៍ ព្រះរាជពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំ តែងស្រូបទាញមនុស្សជាច្រើនចូលរួមទស្សនា និងបន្សល់ទុកមកវិញនូវសំរាមជាច្រើនផងដែរ។ ជាក់ស្ដែងសម្រាប់ព្រះរាជពិធីបុណ្យអុំទូកទាំង៣ថ្ងៃ តាមការលើកឡើងរបស់ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បញ្ជាក់ថា មានការដើរកម្សាន្តពីពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសប្រមាណជាង ៦លាននាក់ ហើយក៏បានបង្កើតសំរាមប្រមាណ ១ម៉ឺនតោន ត្រូវបានប្រមូលដល់ទីលាន សម្រាប់ទូទាំងរាជធានីភ្នំពេញ។ ឯកឧត្តមបន្តថា ទោះសំរាមមានច្រើនពិតមែនក្ដី តែមានការគ្រប់គ្រង់បានល្អ ដោយក្រុមហ៊ុនប្រមូលសំរាម ក៏ដូចជាមន្ត្រីគ្រប់លំដាប់ថ្នាក់ មានការយកចិត្តទុកដាក់ ចុះបំពេញការងារ សហការគ្នាក្នុងការប្រមូលសំរាម និងសម្អាតបរិស្ថានបានយ៉ាងល្អ៕
អត្ថបទ៖គឹមហុក




