ក្រុមអាជ្ញាធរ និយាយថា អតីតនិស្សិតម្នាក់ បានដេញចាក់ដោយកាំបិតនៅមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈមួយកន្លែងនៅក្នុងប្រទេសចិនកាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្ស ៨នាក់ និងមនុស្ស ១៧នាក់ផ្សេងទៀត រងរបួស ហើយករណីវាយប្រហារនេះ ទំនងជាជនសង្ស័យខឹងសម្បារនឹងការពុំទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សារបស់គាត់ ហើយនិងមិនអាចចូលប្រឡងនឹងគេបាន ។
នគរបាលនិយាយថា ការវាយប្រហារដោយកំាបិតនេះ បានកើតឡើងនៅមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈសិល្បះ និងបច្ចេកវិទ្យា Wuxi ស្ថិតក្នុងសង្កាត់ Yixing នៃទីក្រុង Wuxi ក្នុងខេត្តភាគខាងកើត Jiangsu ។ ជនសង្ស័យ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ហើយបានសារភាពពីទោសកំហុសរបស់ខ្លួន ។
មន្ទីរសន្តិសុខសាធារណៈសង្កាត់ Yixing និយាយថា កិច្ចខិតខំកំពុងធ្វើឡើង ដើម្បីព្យាបាលអ្នករងរបួស និងស៊ើបអង្កេតករណីវាយប្រហារមួយនេះ ។
ឧបទ្ទេវហេតុនេះដែរ បានកើតឡើង រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការសម្លាប់ទ្រង់ទ្រាយធំនៅទីក្រុងភាគខាងកើត Zhuhai ពេលដែលអ្នកបើកបរម្នាក់ បើករថយន្តបំបុកហ្វូងមនុស្សនៅមជ្ឈមណ្ឌលកីឡា ដោយបានសម្លាប់មនុស្ស ៣៥នាក់ និងបណ្តាលឲ្យមនុស្ស ៤៣នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្ថិតក្នុងចំណោមការវាយប្រហារស្លាប់មនុស្សច្រើនបំផុត នៅក្នុងប្រវត្តិសាស្រ្តនាសហសម័យរបស់ចិន ៕

