យោងតាមការអះអាងរបស់ក្រុម Foro Penal គឺជាក្រុមសិទ្ធិមនុស្សក្នុងស្រុកដែលសរុបការដោះលែងអ្នកទោសនៅទូទាំងពន្ធនាគារចំនួន ៤កន្លែង បានឲ្យដឹងថា មនុស្សជាង ១០០នាក់ ដែលបានឃាត់ខ្លួនអំឡុងបាតុកម្មប្រឆាំងការបោះឆ្នោតប្រធានាធិបតីជម្លោះវ៉េណេស៊ុយអេឡាកាលពីខែកក្កដាកន្លងទៅ ត្រូវបានគេដោះលែងឲ្យមានសេរីភាពវិញហើយកាលពីថ្ងៃសៅរ៍ម្សិលមិញ ។
លោក Alfredo Romero គឺជាប្រធានក្រុម Foro Penal បាននិយាយនៅលើបណ្តាញព័ត៌មានសង្គមថា អ្នកទោសយ៉ាងហោច ១០៧នាក់ ដែលត្រូវបានឃាត់ខ្លួនអំឡុងពេលក្រោយការបោះឆ្នោតនៅវ៉េណេស៊ុយអេឡា ត្រូវបានដោះលែង ។
លោក Romero បាននិយាយទៀតថា ក្រុមសិទ្ធិមនុស្សបានតាមដានការដោះលែងអ្នកទោសនៅតាមពន្ធនាគារចំនួន ៤កន្លែង រួមទាំងការដោះលែងអ្នកទោសក្មេងៗយ៉ាងហោច ៥០នាក់ ចេញពីពន្ធនាគារ Tocoron ។
យោងតាមការអះអាងរបស់ក្រុម Foro Penal បានឲ្យដឹងថា មនុស្សយ៉ាងហោច ១.៨០០នាក់ ត្រូវបានចាត់ខ្លួន ក្រោយការបោះឆ្នោតកាលពីថ្ងៃទី ២៨ ខែកក្កដា ដែលធ្វើឲ្យលោកប្រធានាធិបតី Nicolas Maduro នៅបន្តកាន់អំណាច បើទោះបីជាមានលទ្ធផលប្រកួតប្រជែងខ្លាំងយ៉ាងណាក្តី ។
លោក Maduro បានឡើងកាន់អំណាចកាលពីឆ្នាំ ២០១៣ ហើយលោកនឹងចាប់ផ្តើមអាណត្តិក្រោយរយៈពេល ៦ឆ្នាំរបស់លោកនៅខែមករាខាងមុខនេះ ។
ការដោះលែងអ្នកទោសនេះដែរ ត្រូវបានគេរំពឹងថានឹងបន្តធ្វើនៅថ្ងៃអាទិត្យនេះ ៕


