ក្រសួងការពារជាតិអ៊ីតាលី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះកងកម្លាំងទ័ពអាកាសអ៊ីតាលី បានហោះចេញកាលពីថ្ងៃសៅរ៍ ដឹកជំនួយមនុស្សធម៌ទម្ងន់ជាង ១៥តោន ដើម្បីចែកជូនដល់ពលរដ្ឋនៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប ។
សេចក្តីថ្លែងការណ៍និយាយថា ជំនួយនៅលើយន្តហោះ C-130J ដែលបានចាកចេញពីទីក្រុង Pisa នៅភាគកណ្តាលអ៊ីតាលី ត្រូវបានរៃអង្គាសដោយក្រុមសប្បុរធម៌ Confederazione Nazionale delle Misericordie d'Italia ។
រដ្ឋមន្រ្តីការពារជាតិអ៊ីតាលីលោក Guido Crosetto និយាយថា អ៊ីតាលីកំពុងធ្វើ និងបន្តធ្វើអ្វីៗគ្រប់បែបយ៉ាងតាមដែលខ្លួនអាចធ្វើទៅបាន ដើម្បីសម្រាលទុក្ខវេទនារបស់ជនស៊ីវិលនៅតំបន់ហ្កាហ្សា ហើយអ៊ីតាលី មិនបំភ្លេចអ្នកដែលរងទុក្ខនោះទេ ហើយពួកយើងសូមប្តេជ្ញាចិត្ត ដើម្បីបន្ថូរបន្ថយជម្លោះមួយនេះ ។
យន្តហោះមួយគ្រឿងនេះ នឹងធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន Larnaca ស្ថិតក្នុងប្រទេសកោះស៊ីប ក្រោយមកសម្ភារៈទាំងអស់ នឹងបន្តដឹកជញ្ជូនទៅកាន់តំបន់ហ្កាហ្សាស្រ្ទីប ។
កាលពីដើមឆ្នាំនេះ អ៊ីតាលីបានដាក់ចេញបណ្តើមគំនិត “ចំណីអាហារតំបន់ហ្កាហ្សា” ដើម្បីជួយជនស៊ីលនៅទីនោះ ហើយពួកគេបានបញ្ជូនជំនួយជាច្រើនទៅកាន់អ្នកដែលរងផលប៉ះពាល់ដោយសារសង្រ្គាមនៅតំបន់ហ្កាហ្សា ៕


