រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Takeshi Iwaya បានប្រកាសកាលពីថ្ងៃសៅរ៍ថា ជប៉ុន និងអ៊ុយក្រែន នឹងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ស្របពេលដែលកូរ៉េខាងជើង ដាក់ពង្រាយទាហានទៅកាន់ប្រទេសរុស្ស៊ី ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងគីវ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនរូបនេះ និយាយថា ការជាប់ពាក់ព័ន្ធរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី គឺជាក្តីបារម្ភខ្លាំងមួយ ។
លោក Takeshi និយាយថា ផ្អែកលើក្តីកង្វល់បែបនេះ ពួកយើងបានយល់ព្រមចូលរួមសន្ទនាគ្នាលើសន្តិសុខទ្វេភាគី ។ ប្រធានស្ថាប័ននយោបាយ និងសន្តិសុខ ត្រូវបានរំពឹងថា នឹងចូលរួម ដើម្បីពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការសន្តិសុខ ។ តាមរយៈមធ្យោបាយនេះ កិច្ចសហប្រតិបតិ្តការសន្តិសុខរវាងជប៉ុន និងអ៊ុយក្រែន នឹងត្រូវពង្រីកបន្ថែមទៀតជាប្រព័ន្ធ ។
សហរដ្ឋអាមេរិក បាននិយាយថា កូរ៉េខាងជើង បានបញ្ជូនទាហានប្រហែល ១ម៉ឺននាក់ ទៅកាន់ប្រទេសរុស្ស៊ី រួមទាំងទាហាន ៨ពាន់នាក់ នៅតំបន់ភាគខាងលិច Kursk ជាទីកន្លែងដែលរុស្ស៊ីនៅធ្វើសង្រ្គាមបណ្តេញទាហានអ៊ុយក្រែន បន្ទាប់ពីកងកម្លាំងទីក្រុងគីវ បើកការវាយប្រហារឆ្លងកាត់ព្រំដែនដ៏គួរភ្ញាក់ផ្អើល កាលពីខែសីហាកន្លងទៅ ។
ការដាក់ពង្រាយទាហានរបស់កូរ៉េខាងជើងទៅកាន់រុស្ស៊ី ដើម្បីគាំទ្រសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ក៏ដូចជាកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ហើយនិងទស្សនីយភាពធ្លាក់ចុះសម្រាប់ដំណោះស្រាយសន្តិភាពចំពោះជម្លោះរយៈពេលច្រើនទសវត្សរ៍ជាមួយកូរ៉េខាងត្បូង កំពុងធ្វើឲ្យកើតមានភាពតានតឹងផងដែរនៅអាស៊ី ៕

