អាជ្ញាធរសុខាភិបាលមានមូលដ្ឋាននៅដែនដីហ្កាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់ពីការវាយប្រហារនៅតែបន្តរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សាបានកើនឡើងដល់៤៣.៧៩៩នាក់ និងជាង ១០៣.៦០០នាក់ នាក់បានរងរបួស។
សេចក្តីថ្លែងការណ៍បាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាបានបណ្តាលឱ្យមនុស្ស ៣៥ នាក់ស្លាប់ និង ១១១ នាក់រងរបួស។
ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតែបន្តឥតឈប់ និងការបិទផ្លូវ បានរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលដល់តំបន់ហ្កាហ្សា។
យោងតាមទិន្នន័យថ្មីៗពីកម្មវិធីស្បៀងអាហារពិភពលោក បីភាគបួននៃប្រជាជនហ្កាហ្សា ពឹងផ្អែកលើជំនួយស្បៀងអាហារដើម្បីរស់។
អង្គការសហប្រជាជាតិ និងទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិបានព្រមានថា ជំនួយគឺស្ថិតក្នុងកម្រិតទាបបំផុត ខណៈការផ្គត់ផ្គង់សំខាន់ៗ ជាពិសេសនៅតំបន់ហ្កាហ្សាភាគខាងជើង មិនអាចទៅដល់អ្នកដែលត្រូវការជំនួយបានទេ។
របាយការណ៍មួយពីក្រុមមនុស្សធម៌បង្ហាញពីកង្វះខាតស្បៀងអាហារ ទឹក និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តយ៉ាងធ្ងន់ធ្ងរនៅក្នុងដែនដីប៉ាឡេស្ទីនឡោមព័ទ្ធដោយអ៊ីស្រាអែល។ លើសពីនេះទៀត ស្ថានភាពនៅតាមជំរំជនភៀសខ្លួនគឺធ្ងន់ធ្ងរ ដោយពុំមានកន្លែងរស់នៅមានអនាម័យ ហើយសម្ភារៈមូលដ្ឋានដូចជាតង់ និងភួយជាដើម តែងតែខ្វះខាត៕


