នៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេសប៉េរូ លោកប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃសៅរ៍ ១៦វិច្ឆិកា បានអំពាវនាវឱ្យសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក រួបរួមនិងបង្កើតកិច្ចសហប្រតិបត្តិការទល់ទល់ភាពប្រឈមចំពោះមុខនៃគោលនយោបាយគាំពារនិយមដែលកំពុងកើនឡើង ។
ថ្លែងទៅកាន់បណ្ដាមេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ប៉ុន្មានម៉ោងមុនពេលលោកជួបពិភាក្សាជាមួយសមភាគីអាមេរិកលោក Joe Biden លោក Xi បានចង្អុលបង្ហាញទៅកាន់បញ្ហាប្រឈមដូចជាភូមិសាស្ត្រនយោបាយ ឯកតោភាគីនិយម និងការកើនឡើងនូវ គោលនយោបាយគាំពារនិយមជាដើម។ លោកបានបន្ថែមថា យើងត្រូវតែរួបរួមនិងសហការគ្នា។
កិច្ចប្រជុំដែលបានគ្រោងទុករបស់លោក Xi ជាមួយលោក Biden កើតឡើងពីរខែមុនពេលប្រធានាធិបតីជាប់ឆ្នោតរបស់គណបក្សសាធារណរដ្ឋលោក Donald Trump ដែលបានចូលរួមក្នុងសង្គ្រាមពន្ធកាន់តែកើនឡើងជាមួយទីក្រុងប៉េកាំងក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកនឹងត្រូវវិលត្រឡប់ទៅកាន់កៅអីសេតវិមានវិញ ក្នុងខែមករាឆ្នាំ២០២៥។
ក្នុងអំឡុងយុទ្ធនាការនោះ លោក Trump បានប្តេជ្ញាបន្តគោលនយោបាយពាណិជ្ជកម្មគាំពារនិយម រួមទាំងការដំឡើងពន្ធលើការនាំចូលទាំងអស់ ជាពិសេសការយកពន្ធខ្ពស់លើប្រទេសចិន។
កាលពីថ្ងៃសៅរ៍ លោក Xi បានជំរុញឱ្យសមាជិក APEC ឈរយ៉ាងរឹងមាំលើពហុភាគីនិយម និងសេដ្ឋកិច្ចបើកចំហ ស្របពេលជំរុញឱ្យមានសមាហរណកម្មក្នុងតំបន់៕


