រដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែន លោក Galushchenko បាននិយាយថា ការវាយប្រហារមីស៊ីល និងយានដ្រូនដ៏ធំរបស់រុស្ស៊ី បានដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលទូទាំងប្រទេសអ៊ុយក្រែន។
អ្នកក្រុងគីវ បានរត់ទៅពូនសំងំក្នុងបន្ទប់ក្រោមដី ខណៈមានការផ្ទុះកក្រើកទូទាំងរដ្ឋធានីមួយនេះ។
យោងតាមក្រុមអាជ្ញាធរ និងសារព័ត៌មានក្នុងស្រុក នេះគឺជាការវាយប្រហារដ៏ធំបំផុត ចាប់តាំងពីដើមខែកញ្ញាមក ខណៈមានរបាយការណ៍ពីការផ្ទុះមួយចំនួនទូទាំងប្រទេសអ៊ុយក្រែន។
ប្រទេសប៉ូឡូញ ដែលជាប្រទេសជិតខាងរបស់អ៊ុយក្រែន បានប្រញាប់ប្រញាល់បញ្ជូនយន្តហោះចម្បាំងល្បាតដែនអាកាសរបស់ខ្លួន ជាការប្រុងប្រយ័ត្នផ្នែកសន្តិសុខ ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅលើបណ្ដាញផ្សព្វផ្សាយ រដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែន បាននិយាយថា ការវាយប្រហារដ៏ធំលើប្រព័ន្ធថាមពលរបស់យើងកំពុងបន្ត ហើយថាកងកម្លាំងរុស្ស៊ី កំពុងវាយប្រហារលើបណ្ដាញអគ្គិសនី និងទីតាំងបញ្ជូនថាមពលជាច្រើន។
នៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងត្បូង ទីក្រុង Mykolaiv ស្ថិតក្នុងចំណោមគោលដៅជាច្រើនរងការវាយប្រហារ ទន្ទឹមនឹងមនុស្ស២នាក់បានស្លាប់ និងមួយចំនួនរងរបួស ខណៈកំពង់ផែ Odesaនៅសមុទ្រខ្មៅ គ្មានអគ្គិសនីប្រើប្រាស់៕


