រដ្ឋាភិបាលរដ្ឋបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ១៦វិច្ឆិកាថា ការកើនឡើងនៃការតវ៉ាដោយហិង្សានៅរដ្ឋម៉ានីពួរ (Manipur) ប្រទេសឥណ្ឌា បានឈានដល់ការផ្អាកសេវាកម្មអ៊ីនធឺណិតរយៈពេលពីរថ្ងៃ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សាកសពបីនាក់ដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជាស្ត្រី និងកុមារពីរនាក់ ត្រូវបានគេប្រទះឃើញនៅក្នុងទន្លេក្នុងស្រុកមួយ នៅស្រុក Jiribam នៃរដ្ឋភាគឦសានកាលពីថ្ងៃសុក្រ ១៥ វិច្ឆិកា ។
សារព័ត៌មានក្នុងស្រុកបាននិយាយកាលពីថ្ងៃសៅរ៍ ១៦ វិច្ឆិកា ថា ក្រុមបាតុករបានសម្រុកចូលទៅក្នុងលំនៅដ្ឋានរបស់សមាជិកសភាជាច្រើននាក់ ហើយបានបំផ្លិចបំផ្លាញផ្ទះរបស់ពួកគេ។
គេបានមើលឃើញក្រុមអ្នកតវ៉ាបានវាយកម្ទេចយានយន្ត ដុតសំបកកង់រថយន្ត និងការបិទផ្លូវផងដែរ ខណៈពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ប្រឆាំងនឹងការប៉ះទង្គិចគ្នារវាងជនជាតិភាគតិច។
សេវាអ៊ិនធឺណិត និងសេវាទូរស័ព្ទចល័ត ត្រូវបានកាត់ផ្ដាច់រហូតដល់ថ្ងៃចន្ទ១៨ វិច្ឆិកា ដើម្បីជៀសវាងការរីករាលដាលនៃពាក្យចចាមអារ៉ាមមិនពិតដែលអាចញុះញង់ក្រុមអ្នកតវ៉ា ធ្វើឱ្យស្ថានភាពច្បាប់ និងសណ្តាប់ធ្នាប់ កាន់តែអាក្រក់នៅក្នុងរដ្ឋដែលហែកហួរដោយជម្លោះមួយនេះ៕


