នគរបាលបាននិយាយថា ការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង និងការដាក់ផ្ការំឭកវិញ្ញាណក្ខន្ធ ត្រូវបានគេមើលឃើញនៅជិតច្រកចូលមហាវិទ្យាល័យវិជ្ជាជីវៈមួយក្នុងខេត្ត Jiangsu ភាគខាងកើតរបស់ប្រទេសចិន នៅថ្ងៃអាទិត្យ ១៧ វិច្ឆិកា ជាទីដែលអតីតនិស្សិតម្នាក់បានបើកការវាយប្រហារដោយកាំបិតចាក់សម្លាប់មនុស្ស ៨ នាក់ និងរបួស ១៧ នាក់ ។
រនាំងពណ៌ក្រហម ត្រូវបានដាក់តម្រៀបជួរមុខច្រកចូលមហាវិទ្យាល័យសិល្បៈ និងបច្ចេកវិទ្យា Wuxi Vocational College of Arts and Technology ក្នុងស្រុក Yixing ជាទីដែលការវាយប្រហារបានកើតឡើងកាលពីថ្ងៃសៅរ៍ ១៦ វិច្ឆិកា ខណៈសន្តិសុខក្នុងបរិវេណសាលាត្រូវបានរឹតបន្តឹង និងកងកម្លាំងនគរបាលបានតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើមនុស្សដែលកំពុងដាក់កម្រងផ្កានៅខាងក្រៅសាលា។
នគរបាលបានឲ្យដឹងថា ជនសង្ស័យជាបុរសអាយុ ២១ ឆ្នាំត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ និងបានសារភាព។ នគរបាលក៏បាននិយាយដែរថា មូលហេតុដែលជនសង្ស័យចាក់សម្លាប់មនុស្សជច្រើននាក់នោះ ព្រោះតែខឹងមិនបានសញ្ញាបត្របញ្ចប់ការសិក្សា និងប្រឡងធ្លាក់។
ការវាយប្រហារនៅស្រុក Yixing ដែលជាផ្នែកមួយនៃទីក្រុង Wuxi បានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកបើកបរនៅទីក្រុង Zhuhai ភាគខាងត្បូងប្រទេសចិន បានបើករថយន្តបំបុកចូលហ្វូងមនុស្សសម្លាប់មនុស្ស ៣៥នាក់ និងរបួស ៤៣នាក់ ដែលក្លាយជាការសម្លាប់រង្គាលដ៏សាហាវបំផុតនៅក្នុងប្រទេសចិនក្នុងរយៈពេលមួយទសវត្សរ៍មកនេះមិនធ្លាប់មាន៕

