បាល់ទាត់៖ ក្រុមកោះកុងអេហ្វស៊ីបានឡើងជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះខេត្តបន្ទាយមានជ័យដោយលទ្ធផល ១-០ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន AEU Sport Park កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមកោះកុងអេហ្វស៊ីត្រូវបានចាត់ទុកជាគ្រាប់បាល់ដ៏កម្រ និងអស្ចារ្យដែលកម្រមានកីឡាករធ្វើបានសូម្បីកីឡាករអាជីពបន្ទាប់ពីខ្សែបម្រើ ហ៊ឹម រ៉ស់សាលី ទាត់បាល់ចេញពីជ្រុងកោងផុតដៃអ្នកចាំទី មួង ពៅ ហើយបំប៉ោងសំណាញ់ទីខេត្តបន្ទាយមានជ័យយ៉ាងល្អនៅនាទី៤៥+១។ រីឯខេត្តបន្ទាយមានជ័យបានត្រឹមសោកស្ដាយប៉ុណ្ណោះ បន្ទាប់ពីព្យាយាមវាយបកនៅវគ្គទី២ តែធ្វើពុំបានសម្រេច។ ចំណែកខេត្តត្បូងឃ្មុំបានឡើងវគ្គផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ បន្ទាប់ពីរកឃើញកីឡាករក្រុម ស.ស.យ.ក ខេត្តបាត់ដំបង ៤នាក់មានវិជ្ជមានកូវីដ-១៩ ទាំងការធ្វើតេស្ដលើកទី១ និងលើកទី២ ក្នុងរយៈពេល ៧២ម៉ោង។ យោងតាមបទបញ្ជាការប្រកួត និងស្មារតីកិច្ចប្រជុំបន្ទាន់រវាងភាគីក្លិបទាំងពីរដោយអាចពន្យាពេលទៀតបាន CNCC ក៏សម្រេចលុបចោលការប្រកួតនេះដោយផ្ដល់ជ័យជម្នះ ៣-០ ដល់ខេត្តត្បូងឃ្មុំតែម្ដង។

ការណ៍នេះនាំឲ្យអតីតក្រុមជើងឯកឆ្នាំ២០១៩ និងជាក្រុមជើងឯកឆ្នាំចាស់ខេត្តត្បូងឃ្មុំ និងកោះកុងអេហ្វស៊ីត្រូវជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២៣ ខែតុលាចុងសប្ដាហ៍នេះដើម្បីប្រជែងជើងឯកពានសម្ដេចតេជោ-ថ្នាក់ខេត្ត។ ឯខេត្តបន្ទាយមានជ័យត្រូវបាន CNCC សម្រេចផ្ដល់ចំណាត់ថ្នាក់លេខ៣ ដោយស្វ័យប្រវត្តិ ហើយក្រុមទាំង ៣ នេះក៏ទទួលបានសិទ្ធចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិផងដែរ៕
អត្ថបទ៖ លី ឈុនឡា