សៀមរាប៖ នារាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង ថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន IDC-CDI បានអញ្ជើញទទួលស្វាគមន៍ការអញ្ជើញដល់របស់គណៈប្រតិភូមកកាន់ខេត្តសៀមរាប ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI នៅសណ្ឋាគារ Raffles Grand Hotel Angkor ក្រោមវត្តមានគណៈប្រតិភូប្រមាណ ៨០រូប មកពីបណ្តាប្រទេសចំនួន២៤ ក្នុងទ្វីបទាំង៥ ពិសេសគណបក្សធំៗប្រមាណ២៦ ដែលមកពីអ៊ឺរ៉ុប អាមេរិកឡាទីន អាហ្រ្វិក អាស៊ី និងអាមេរិកខាងត្បូង។
ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម André Pastrana Arango (អានទ្រេ ផាសត្រាណា អារ៉ានហ្គូ) ប្រធានអង្គការ CDI-IDC និង ឯកឧត្តម សុខ សូកេន តំណាងគណបក្សប្រជាជនកម្ពុជាក្នុងយុវជន CDI និងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចកម្ពុជា រួមនឹងឯកឧត្តមអគ្គលេខាធិការ អនុប្រធាន និងសមាជិក CDI រួមទាំងឥស្សរជនជាភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃ CDI-IDC និងកិច្ចប្រជុំពាក់ព័ន្ធ ដោយបានធ្វើដំណើរយ៉ាងឆ្ងាយមកទស្សនកិច្ចនៅលើទឹកដីអង្គរ-សៀមរាបដ៏បវរនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសង្ឃឹមថា ក្នុងឱកាសដ៏ពិសេសដែលថ្នាក់ដឹកនាំទាំងអស់ បានមកកាន់ខេត្តសៀមរាបនេះ នឹងទទួលបានជោកជ័យ ជាមួយនឹងការដក់ជាប់ក្នុងអារម្មណ៍ជាមួយនឹងស្នាមញញឹមនៃប្រជាជនកម្ពុជា ការធ្វើបដិសណ្ឋារកិច្ច និងទស្សនីយភាពដ៏ប្រណិតនៃសោភ័ណភាពបេតិកភណ្ឌពិភពលោកនៃប្រាសាទអង្គរវត្ត និងវប្បធម៌ ប្រវត្តិសាស្រ្ត អរិយធម៌ខ្មែរដ៏សម្បូរបែបផ្សេងទៀត។
សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI មានរយៈពេលចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ កិច្ចប្រជុំប្រតិបត្តិនេះដែរ នឹងប្រារព្ធនូវវេទិកាពិសេសស្តីពី«សន្តិភាពសម្រាប់មនុស្សជាតិនិងភពផែនដី», កិច្ចពិភាក្សា វេទិកាពិសេសស្តីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនាសហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម», កិច្ចពិភាក្សាស្តីពី «ធម្មនុញ្ញសន្តិភាព ដើម្បីមនុស្សជាតិនិងភពផែនដី», ជំនួបការងាររបស់ប្រតិភូ IDC-CDI និងជំនួបទ្វេភាគី ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI, និងកម្មវិធីទស្សនកិច្ចតំបន់បេតិភណ្ឌប្រវត្តិសាស្រ្តអង្គរផងដែរ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប






