ម៉ូតូទឹក៖ កីឡាករម៉ូតូទឹកឆ្នើមកម្ពុជា សាលី អ៊ូមើត និងសិស្សប្អូន ២រូបមានកីឡាករ មីន អូស្មាន និង កៃ វ៉ាន់ស៊ីដែន បានបញ្ចប់ការបោះជុំរុំហ្វឹកហាត់នៅប្រទេសអូទ្រីសហើយ ខណៈបច្ចុប្បន្នពួកគេបានធ្វើដំណើរដល់ប្រទេសថៃវិញ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ ជុំទី១ នាថ្ងៃទី៣០-៣១ ខែតុលាខាងមុខនេះ។

សាលី អ៊ូមើត បានបញ្ជាក់ថា ឆ្លងកាត់ការហ្វឹកហាត់ ១ខែនៅអូទ្រីសបានធ្វើឲ្យពួកគេបានយល់ដឹងបន្ថែមច្រើននូវបច្ចេកទេសថ្មី ក៏ដូចជាការហាត់សមជាមួយម៉ូតូទឹកថ្មីរបស់ខ្លួនដែលមានតម្លៃជាង ៨ម៉ឺនដុល្លារ។ រីឯកីឡាករជម្រើសជាតិវ័យក្មេង ២រូបទៀតក៏បានស្វែងយល់ច្រើនអំពីបច្ចេកទេសហ្វឹកហាត់ជាមួយកីឡាករខ្លាំងៗនៅអឺរ៉ុប ក៏ដូចជាម្ចាស់មេដាយមាសអូទ្រីសផ្ទាល់ផងដែរ។ យ៉ាងណាមិញឥលូវនេះ កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជាទាំង ៣រូបបានធ្វើដំណើរទៅដល់ប្រទេសថៃ និងកំពុងធ្វើចត្ដាឡីស័កមុនចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នាចុងខែនេះ។ ម្ចាស់មេដាយមាសកីឡាអាស៊ីបន្ថែមថា ការប្រកួតជើងឯកអាស៊ាននេះគឺជាឱកាសល្អមួយ ដើម្បីវាស់ស្ទង់សមត្ថភាពជាមួយកីឡាករក្នុងតំបន់ត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

គួរដឹងថា សាលី អ៊ូមើត និងសិស្សប្អូន មីន អូស្មាន និង កៃ វ៉ាន់ស៊ីដែន បានចេញទៅអាល្លឺម៉ង់មុនបន្ដចេញទៅបោះជុំរុំហ្វឹកហាត់នៅអូទ្រីសកាលពីថ្ងៃទី១៨ ខែកញ្ញាកន្លងទៅ ហើយក៏ទទួលបានការគាំទ្រ និងលើកទឹកចិត្តពីឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាផងដែរ៕
អត្ថបទ៖ លី ឈុនឡា