ភាពតានតឹងផ្នែកការទូតជុំវិញការឡើងកម្ដៅភពផែនដី នឹងស្ថិតនៅក្នុងរបៀបវារៈដ៏សំខាន់នៅឯកិច្ចប្រជុំកំពូល G20 នៅក្នុងរដ្ឋធានី Rio de Janeiro ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី១៨ដល់១៩ វិច្ឆិកាក្នុងសប្តាហ៍នេះ។

បណ្ដាប្រមុខរដ្ឋដែលទៅដល់រដ្ឋធានីនេះកាលពីថ្ងៃអាទិត្យ១៧វិច្ឆិកា សម្រាប់កិច្ចប្រជុំកំពូល G20 នឹងចាប់ផ្ដើមពីថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីដោះស្រាយបញ្ហាភាពក្រីក្រ និងភាពអត់ឃ្លានចំពោះកំណែទម្រង់ស្ថាប័នពិភពលោក។

ស្របពេលកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ មានភារកិច្ចក្នុងការយល់ព្រមលើគោលដៅរ៉ៃអង្គាសប្រាក់រាប់រយពាន់លានដុល្លារសម្រាប់អាកាសធាតុ បណ្ដាមេដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចធំៗចំនួន២០ ឬG20 បានជួបជុំគ្នាក្នុងទីក្រុងរដ្ឋធានីរបស់ប្រេស៊ីល។
ប្រទេស G20 មានចំនួន ៨៥ភាគរយនៃសេដ្ឋកិច្ចពិភពលោក ហើយជាអ្នករួមចំណែកធំបំផុតដល់ធនាគារអភិវឌ្ឍន៍ពហុភាគីដែលជួយគ្រប់គ្រងហិរញ្ញវត្ថុអាកាសធាតុ។
ប្រទេសទាំងនោះក៏ទទួលខុសត្រូវចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់ច្រើនជាងបីភាគបួននៅទូទាំងពិភពលោកផងដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់កិច្ចប្រជុំកំពូល COP29 កាលពីសប្តាហ៍មុនថា ប្រទេសទាំងអស់ត្រូវតែរួមចំណែក ប៉ុន្តែក្រុមប្រទេស G20 ត្រូវតែដឹកនាំ ។ពួកគេគឺជាអ្នកបញ្ចេញដ៏ធំបំផុត ដែលមានសមត្ថភាព និងការទទួលខុសត្រូវខ្ពស់បំផុត៕