ការប៉ះទង្គិចគ្នារយៈពេលខ្លីបានផ្ទុះឡើងក្នុងអំឡុងការដង្ហែរក្បួនខួបលើកទី៥១នៃចលនាបះបោរក្រុមនិស្សិត នៅក្នុងប្រទេសក្រិកកាលពីថ្ងៃអាទិត្យ ១៧ វិច្ឆិកា ខណៈមនុស្សប្រមាណ២៥.០០០នាក់បានដើរដង្ហែក្បួននៅទីក្រុង តេសាឡូនីគី (Thessaloniki) និង រដ្ឋធានី អាតែន (Athens) ដើម្បីរំលឹកដល់ចលនាបះបោរនិស្សិតឆ្នាំ ១៩៧៣ ប្រឆាំងនឹងរបបផ្តាច់ការយោធា។ ការដើរដង្ហែរនេះ បានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេទៅលើសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសដែលនៅតែបន្ត ដោយបានបញ្ជូនសារដ៏រឹងមាំនៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។

នៅទីក្រុង តេសាឡូនីគី គ្រាប់បែកសាំងបានផ្ទុះលាន់រំពង ហើយក្រុមបាតុករបានដុតទង់ជាតិអាមេរិក និងអ៊ីស្រាអែល ទន្ទឹមនឹងនៅក្នុងរដ្ឋធានីអាតែន ការហែក្បួន បានឆ្លងកាត់ស្ថានទូតអាមេរិក ហើយបានបញ្ចប់នៅស្ថានទូតអ៊ីស្រាអែល។

និស្សិតវ័យ២០ឆ្នាំមួយរូប បាននិយាយថា ខណៈប្រជាជនប៉ាឡេស្ទីន និងលីបង់កំពុងត្រូវបានកាប់សម្លាប់យ៉ាងរង្គាល យើងត្រូវតែនៅទីនោះដើម្បីតតាំងបង្ហាញការប្រឆាំងនឹងសកម្មភាពនេះ។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះដែរ ក្រុមនិស្សិតបានកាន់ទង់ជាតិប្រឡាក់ដោយឈាមរបស់អ្នកដែលបានចូលរួមក្នុងការបះបោរឆ្នាំ ១៧វិច្ឆិកា ១៩៧៣ ប្រឆាំងនឹងរបបយោធានៅសាកលវិទ្យាល័យពហុបច្ចេកទេសអាតែន ជាទីដែលមនុស្សជាច្រើនបានស្លាប់បន្ទាប់ពីយោធាបានបើករថក្រោះបំបុកចូលតាមច្រកទ្វារនានាសម្លាប់មនុស្ស២៤នាក់៕