រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាលេស (Richard Marles) បាននិយាយកាលពីថ្ងៃអាទិត្យ (១៧ វិច្ឆិកា) ថា កងទ័ពជប៉ុន នឹងចាប់ផ្តើមដាក់ពង្រាយជាប្រចាំនៅភាគខាងជើងប្រទេសអូស្ត្រាលី ដែលជាផ្នែកនៃកិច្ចសហប្រតិបត្តិការយោធាជាមួយអូស្ត្រាលី និងសហរដ្ឋអាមេរិក។

ទាហានម៉ារីនអាមេរិកប្រហែល ២.០០០នាក់ បានស្ថិតនៅរួចរាល់ហើយក្នុងទីក្រុង ដាវីន (Darwin) ដែលជារដ្ឋធានីនៃដែនដីភាគខាងជើង Northern Territory របស់អូស្រ្តាលី សម្រាប់រយៈពេលប្រាំមួយខែនៃឆ្នាំនេះ ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន អំពីអំណាចយោធាដែលកំពុងកើនឡើងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោក Marles បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Darwin រួមជាមួយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) និងរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ហ្គេន ណាកាតានិ (Gen Nakatani) ថា "ថ្ងៃនេះ យើងប្រកាសថា នឹងមានការដាក់ពង្រាយជាប្រចាំនៃកងពលតូចថលជលិកពង្រាយរហ័សរបស់ជប៉ុន ទៅកាន់ប្រទេសអូស្ត្រាលី"។

ការដាក់ពង្រាយនេះមានសារសំខាន់ជាពិសេស ដោយសារតែទីក្រុង Darwin គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់កងកម្លាំងសម្ព័ន្ធមិត្តនៅក្នុងសង្គ្រាមលោកលើកទីពីរ ហើយត្រូវបានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាដោយកងកម្លាំងជប៉ុននៅពេលនោះ៕