កសិករប្រទេសបារាំង បានបង្កើតជំរំមួយ ខណៈពួកគេបានបិទផ្លូវមួយកន្លែង នៅជិតទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ខណៈការរំពឹងទុកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសអឺរ៉ុប និងប្លុកទីផ្សាររួមអាមរិកឡាទីន ធ្វើឱ្យមានការមិនសប្បាយចិត្តជុំវិញការប្រកួតប្រជែងបរទេស ដែលបង្កឱ្យមានវិបត្តិកសិកម្ម កាលពីដើមឆ្នាំនេះ។

ត្រាក់ទ័រជាច្រើនគ្រឿង អាចត្រូវបានគេមើលឃើញកំពុងបិទផ្លូវមួយកន្លែង ក្រោមការតាមដានរបស់នគរបាល ខណៈកសិករបានត្រៀមសម្រាប់ពេលមួយយប់ស្នាក់នៅទីតាំងនោះ មុនពេលចាកចេញនៅថ្ងៃបន្ទាប់។
ការជំរុញដោយសហភាពអឺរ៉ុប និងប្លុកទីផ្សាររួមអាមរិកឡាទីន ដើម្បីបញ្ចប់ការចរចាពាណិជ្ជកម្មដ៏យូរអង្វែងនៅចុងឆ្នាំនេះ បានធ្វើឱ្យមានកំហឹងផ្ទុះឡើងវិញនៅក្នុងប្រទេសបារាំង ចំពោះការនាំចូលផលិតផលកសិកម្មមានតម្លៃថោក ដែលពុំស្ថិតនៅក្រោមស្តង់ដារដូចគ្នាទៅនឹងផលិតផលក្នុងស្រុក។

ការមិនសប្បាយចិត្តស្រដៀងគ្នានេះ ក៏ត្រូវបានបង្ហាញដោយកសិករនៅទូទាំងទ្វីបអឺរ៉ុប កាលពីរដូវរងារកន្លងទៅនេះ បន្ទាប់ពីការកើនឡើងការនាំចូលពីប្រទេសអ៊ុយក្រែន ក្រោយការវាយលុករបស់រុស្ស៊ី។